ព័ត៌មានជាតិ

ប្រតិភូអន្ដរជាតិជាង ៥០០នាក់ មកពី៥០ប្រទេស នឹងចូលរួមប្រជុំអាស៊ី-ប៉ាស៊ីហ្វិក នៅកម្ពុជា

ភ្នំពេញ៖ បើតាមតួលេខបណ្ដុះអាសន្ន មានប្រតិភូអន្ដរជាតិជាង៥០០នាក់ មកពី៥០ប្រទេស នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-អាស៊ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៨-២១ វិច្ឆិកា ។

កិច្ចប្រជុំកំពូលអាស៊ី-អាស៊ីហ្វិក លើកទី២ ធ្វើឡើងក្រោមប្រធានបទ ៖ ការដោះស្រាយបញ្ហាប្រឈមនា បច្ចុប្បន្ន សន្ដិភាព ការផ្សះផ្សារជាតិ ការពឹងអាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃជាសកល ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៩ នាថ្ងៃទី៥ វិច្ឆិកា លោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងថា កិច្ចប្រជុំលើកទី១ធ្វើនៅនេប៉ាល់ដែលសម្តេចតេជោហ៊ុន សែន ចូលរួម និងថ្នាក់ដឹកនាំកំពូលមកពីប្រទេសផ្សេងទៀតផងងដែរ។ ដោយឡែកលើកទី២នេះធ្វើនៅកម្ពុជា ក្រោយពីរាជរដ្ឋាភិបាលសហការជាមួយអង្គការសហព័ន្ធសន្តិភាពសាកល (Universal Peace Federation-UPF)។

លោកមានប្រសាសន៍ថា “មានប្រទេសចំនួនជាង ៥០ប្រទេស នឹងមានតំណាងចូលរួមក្នុង កិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការជាមួយខាងភាគី UPF បានធ្វើលិខិតទៅកាន់ប្រទេសជាង៥០។ យើងទទួលមកវិញអ្នកចូលរួមជាង៥០០នាក់ ។ ក្នុងនោះមានប្រធានាធិបតី នាយករដ្ឋមន្ដ្រី អង្គការ ជាដើម”។

លោក Hajime Saito ទីប្រឹក្សា UPF ប្រចាំតំបន់ទន្លេមេគង្គបានបញ្ជាក់ថា ការសម្រេចយកកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ដោយសារកម្ពុជា ជាប្រទេសគំរូ ដូចជាមានអភិបាលកិច្ចល្អ ព្រមទាំងសន្ដិភាពពេញលេញ ។

ចំណែកលោកបណ្ឌិត Julius Malicdem នាយក UPF ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានរៀបរាប់ដែរថា UPF មានសាខាជាង១៥០ប្រទេស នៅទូទាំងពិភពលោក។ UPF ផ្ដោចសំខាន់ ៦ចំណុច រួមមាន ៖ ទី១-ពង្រឹងនៅកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអង្គការសហប្រជាជាតិ , ទី២-ការកសាងសន្ដិភាព តាមរយៈអន្ដរសាសន៍ , ទី៣-សន្ដិភាព និងស្ថេរភាព , ទី៤-គ្រួសារ , ទី៥-ការអភិវឌ្ឍធនធានមនុស្ស និងទី៦-សេវាកម្ម និងយុវជន៕

ដោយ អេង ប៊ូឆេង

To Top