ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល និងជាប្រធានក្រុមប្រឹក្សា ទំនាក់ទំនង នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនង នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាថ្ងៃ៦ មិថុនា។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិ នៃនាយកដ្ឋាន កិច្ចការអន្តរជាតិ នៃវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស , ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Jacques Pellet , លោកស្រី Mariana Trias ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងសមាជិកអចិន្ត្រៃយ៍ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត សរុបចំនួន២៨រូប ។

គោលបំណងនៃកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនង ដើម្បីពិនិត្យ និងរាយការណ៍ពីសមិទ្ធផលការងារដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រេចបានក្នុងស្រាវជ្រាវសុខភាពសាធារណៈ ការបណ្តុះបណ្តាល ក្នុងឆ្នាំ២០២៤ និងប្រមូលមតិកែលម្អពីសមាជិក និងផែនការអភិវឌ្ឍន៍នាពេលអនាគត របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។

សាស្ត្រាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងផ្តល់អនុសាសន៍ ដល់វិទ្យាស្ថានប៉ាស្ទ័រ បន្តខិតខំប្រឹងអភិវឌ្ឍន៍ បន្តការស្រាវជ្រាវ ក្នុងនាមជាមន្ទីរពិសោធន៍ បង្អែកនៅកម្ពុជា និងត្រូវចែករំលែកចំណេះដឹង ផ្តល់ការបណ្តុះបណ្តាល ផ្តល់កម្មសិក្សាដល់និស្សិត និងក្រុមការងារសុខាភិបាល ។

សាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តវិទ្យាស្ថានប៉ាស្ទ័រ ចូលរួមសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹង សុខភាពតែមួយ សំដៅឈាន ទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ៕









