Covid-19

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដាក់ចេញផែនការ ៧ចំណុច ដើម្បីដោះស្រាយបញ្ហា ដែលរងផលប៉ះពាល់ ដោយសារកូវីដ១៩

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេស ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើវិស័យទេសចរណ៍អាស៊ាន តាមរយៈ Video Conference នៅថ្ងៃទី២៩ មេសា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានឯកភាពគ្នាដាក់ចេញនូវវិធានការ សំខាន់ៗចំនួន ៧ចំណុច ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលរងផលប៉ះពាល់ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើវិស័យទេសចរណ៍អាស៊ាន ដោយមានការចូលរួមពី រដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំង ១០ប្រទេស និងអគ្គលេខាធិការអាស៊ាន ។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកា ទេសចរណ៍អាស៊ាន នៅឆ្នាំ២០២១ ខាងមុខ (ATF 2021) និងក្នុងអណត្តិរបស់ខ្លួន ជាប្រធានដឹកនាំ វិស័យទេសចរណ៍អាស៊ាន ឆ្នាំ២០២០ ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិក រៀបចំកិច្ចប្រជុំពិសេសនេះឡើង ក្នុងគោលបំណងពិភាក្សា រកដំណោះស្រាយអំពីវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន ។

កិច្ចប្រជុំបានចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ ស្ដីពីវិធានការទប់ស្កាត់កូវីដ-១៩ និងផលប៉ះពាល់ក្នុងប្រទេសសមាជិកនីមួយៗ ក៏ដូចជាផែនការយុទ្ធសាស្ត្រ និងសកម្មភាពជួយសង្គ្រោះ វិស័យទេសចរណ៍នៅចំពោះមុខ ក្នុងដំណាក់កាលនៃការដោះស្រាយវិបត្តិ (Mitigation Phase) ឬដំណាក់កាលនៃត្រៀមងើបឡើងវិញ (Early Recovery) ក៏ដូចជាផែនការស្ដារឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ( Post Covid-19 Crisis Recovery Plan)។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានសម្រេចដាក់ចេញនូវ សេចក្តីប្រកាសរួមរំលេច អំពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដោយផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

១.ជំរុញការសម្របសម្រួល របស់អាស៊ានក្នុងការពន្លឿន ការផ្លាស់ប្តូរព័ត៌មាន ស្តីអំពីសុខភាពទាក់ទងនឹងការធ្វើដំណើរ និងវិធានការចាំបាច់នានា ដែលអនុវត្តដោយរដ្ឋ ជាសមាជិកអាស៊ានទំាងអស់ ក្នុងការគ្រប់គ្រងការ រីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈប្រតិបត្តិការកាន់តែសកម្មឡើង របស់ក្រុមការងារទំនាក់ទំនង វិបត្តិទេសចរណ៍អាស៊ាន (ASEAN Tourism Crisis Communication Team-ATCCT) តាមរយៈការផ្តល់ព័ត៌មានទាន់ពេលវេលា និងទុកចិត្តបាន ដល់ភ្ញៀវទេសចរដែលធ្វើ ដំណើរចេញនិងចូលក្នុងប្រទេស ព្រមទាំងការីទេសចរណ៍នានានៅក្នុងតំបន់ ។

២.ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTOs) ជាមួយនឹងវិស័យអាស៊ាន ពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសជាមួយវិស័យសុខាភិបាល ព័ត៌មាន ដឹកជញ្ជូន និងអន្តោប្រវេសន៍ ក៏ដូចជាដៃគូខាងក្រៅ របស់អាស៊ានផ្សេងៗទៀត ព្រមទាំងអង្គការ និងសហគមន៍អន្តរជាតិនានា សំដៅរួមគ្នាអនុវត្តវិធានការទាំងឡាយ និងបង្កើតឱ្យមានទម្រង់ការ ផ្សេងៗគ្នារបស់ភាគីនីមួយៗ ដើម្បីជំរុញការឆ្លើយតបទាន់ពេលវេលា ឆាប់រហ័ស មានតម្លាភាព ច្បាស់លាស់លើការដោះស្រាយ និងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដូចជាវិបត្តិដទៃទៀតនាពេលអនាគត ។

៣.បង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរការ អនុវត្តល្អៗ រវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជាដៃគូអាស៊ានផ្សេងៗទៀត ស្តីពីការឆ្លើយតបចំពោះវិបត្តិ ការត្រៀមខ្លួនសម្រាប់ការទំនាក់ទំនង ការសម្របសម្រួលការតភ្ជាប់ កិច្ចខិតខំនិងវិធានការសង្គ្រោះផ្សេងៗ ដើម្បីគាំទ្រវិស័យទេសចរណ៍ ក៏ដូចជាការចាប់យកមេរៀនសំខាន់ៗស្តីពីវិបត្តិ ដើម្បីបានជារបាយការណ៍ បន្ទាប់ពីវិបត្តិសម្រាប់ជាឯកសារយោង របស់រដ្ឋជាសមាជិកអាស៊ាន ក្នុងការគ្រប់គ្រងឱ្យកាន់តែប្រសើរ នូវវិបត្តិណាមួយឬជំងឺរាតត្បាតនានា នាពេលអនាគត ។

៤.អនុវត្តនូវវិធានការ និងគោលនយោបាយដ៏ច្បាស់លាស់នានា ដើម្បីបង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរ ក្នុងស្រុកនិងអន្តរជាតិ ដែលមកទស្សនាតំបន់អាស៊ីអាគ្នេយ៍ រួមទាំងការរៀបចំបង្កើតឱ្យមានស្តង់ដា និងគោលការណ៍ណែនាំច្បាស់លាស់ ស្តីអំពីបរិយាកាសការងារ ប្រកបដោយសុវត្ថិភាព និងផ្តល់សុខភាពល្អប្រសើរជាងមុន សំដៅការពារអ្នកបំរើការងារ និងសហគមន៍ក្នុងផ្នែកបដិសណ្ឋារកិច្ច និងឧស្សាហកម្មដែលជាប់ ពាក់ព័ន្ធវិស័យទេសចរណ៍នានា ក៏ដូចជាគោលដៅ និងស្ថាប័នទេសចរណ៍ទាំងឡាយ ក្នុងរដ្ឋជាសមាជិកអាស៊ាន ។

៥.គាំទ្រដល់ការរៀបចំ និងការអនុវត្តផែនការស្តារ ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយមិនត្រូវបន្ធូរកិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាការពារសុខភាពសាធារណៈ ដែលរួមមានដូចជា ការកសាងសមត្ថភាពទេសចរណ៍អាស៊ាន ការចូលរួមជាមួយភាគីពាក់ព័ន្ធនានា ក្នុងការបង្កើតទំនុកចិត្ត អ្នកប្រើប្រាស់និងអាជីវកម្ម ស្វែងយល់ពីដំណោះស្រាយ បែបច្នៃប្រឌិត និងនវានុវត្តន៍ក្នុងការពង្រឹង និងជំរុញវិស័យទេសចរណ៍អាស៊ាន ជាពិសេសតាមរយៈការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយផ្តោតសំខាន់ទៅលើ កិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារ និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួម ក្នុងគោលដៅជំរុញអាស៊ាន ឱ្យក្លាយជាគោលដៅទេសចរណ៍តែមួយ ។

៦.ជំរុញការអនុវត្តគោលនយោបាយមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ក្នុងចំណោមគោលនយោបាយនានា ដោយផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងការសម្រួលផ្នែកហិរញ្ញវត្ថុ ការបន្ធូរបន្ថយពន្ធ និងការកសាងសមត្ថភាព ជាពិសេស លើជំនាញឌីជីថលសម្រាប់ភាគី ពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងធ្វើដំណើរ ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើសហគ្រាស ខ្នាតតូចបំផុត តូច និងមធ្យម (MSMEs) ក្រុមជនដែលងាយរងគ្រោះ ព្រមទាំងសហគមន៍ដែល រងផលប៉ះពាល់នានា ។

៧.បន្តកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសន្ទនាអាស៊ាន អង្គការអន្តរជាតិនានា និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីកសាងតំបន់ អាស៊ីអាគ្នេយ៍ទាំងមូល ឱ្យមានភាពរឹងមាំ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការគ្រប់គ្រងវិស័យទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាបន្ន បន្ទាប់ពីវិបត្តិណាមួយ ៕

To Top