ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ដំណើរការពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជា ៤គន្លង (ស្គន់-កំពង់ ចាម) សម្រេចបាន ៥៦% ហើយ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានថ្លែងថា គម្រោងពង្រីក លើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជា ៤គន្លង (ស្គន់-កំពង់ចាម) បច្ចុប្បន្នសម្រេចបាន ៥៦% ហើយ ។

លោកអភិបាលខេត្ត លើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ខ្លូត ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំ សាលាខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ជាការវាយតម្លៃ ជារួមចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពាន គីហ្សូណា ក្រុងកំពង់ចាម គឺសម្រេចបាន ៥៦% នៃផែនការរួម ក្នុងនោះរួមមាន៖ ការងារសាងសង់ផ្លូវ ប្រវែងសរុប ៤៥.៥គីឡូម៉ែត្រ សម្រេចបាន ៦០.២៥% ,ការងារសាងសង់ស្ពាន សរុបចំនួន ០៨កន្លែង សម្រេចបាន ៩៤.៧៥% ,ការងារលូទទឹងផ្លូវ សម្រេចបាន ៥០កន្លែង ស្មើនឹង ៩៦.១៥% , ធ្វើប្រឡាយថ្មអក្សរT សម្រេចបាន ៥៦០ម៉ែត្រ ស្មើនឹង ១៥.៩៥% , លូជ្រុង សម្រេចបាន ១២,៩៤១ម៉ែត្រ ស្មើនឹង ៤៦.៧២% , ការងារបើកទ្រូងផ្លូវ សរុបចំនួន ១១៣កន្លែង បច្ចុប្បន្នបើកបាន ៥៦កន្លែង ស្មើនឹង ៥០% ។

លោក អ៊ុន ចាន់ដា បានបន្តថា ចំពោះទ្រូងផ្លូវ ត្រូវរៀបចំធ្វើជាសួន ដាំដើមឈើ និងដាក់អំពូលភ្លើង ដោយឡែកចំពោះភ្លើងស្តុបត្រូវដាក់ថ្មីផងដែរ។

To Top