ស្វាយរៀង៖ លោកសរ សុដានីអភិបាលរងខេត្តស្វាយរៀងតំណាងលោកប៉េង ពោធិ៍សារអភិបាលខេត្ត និងក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណ:កម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងគម្រោងស្នើសុំវិនិយោគ សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ របស់ក្រុមហ៊ុន YUNYA Hotel Co., Ltd ក្រោមទុនវិនិយោគជាង ៦០លានដុល្លារអាមេរិក ដែលមានលោក SHEN LeiLei មកពីខេត្តជើជាំង សាធារណរដ្ឋប្រជាមានិតចិនជាម្ចាស់ភាគហ៊ុន។

លោកសរ សុដានីបានថ្លែងថា បច្ចុប្បន្នក្រោមការដឹកនាំរបស់លោកប៉េង ពោធិ៍សា អភិបាលខេត្តគម្រោងវិនិយោគជាច្រើនកំពុងកើនឡើងជាបន្តបន្ទាប់។ ជាមួយគ្នានេះ គម្រោងវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មាន២៨០បន្ទប់ ៧០វីឡា មានភោជនីយដ្ឋាន ស្ទីមសូណា ផ្សារទំនើប និងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះនៅលើទឹកដី ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគនេះអាចបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋជាង ៥០០កន្លែង នេះជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕


