ព័ត៌មានអន្តរជាតិ

Update: អ៊ីរ៉ង់ បិទដែនអាកាស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

xinhua

តេអេរ៉ង់៖ អ៊ីរ៉ង់ បិទដែនអាកាស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល  នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់។

ការបិទដែនអាកាសរបស់អ៊ីរ៉ង់  ធ្វើឡើងបន្ទាប់ពីយោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារលើ “គោលដៅយោធារាប់សិប” រួមទាំងកន្លែងនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់។

កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “អ៊ីរ៉ង់កាន់តែខិតជិតក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ។ អាវុធនៃការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងដៃនៃរបបអ៊ីរ៉ង់ គឺជាការគំរាមកំហែង ដែលមានស្រាប់ចំពោះរដ្ឋអ៊ីស្រាអែល និងពិភពលោកកាន់តែទូលំទូលាយ” ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់ប្រទេសទាំងមូល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល “ទុកជាមុន” លើប្រទេសអ៊ីរ៉ង់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយថា ប្រតិបត្តិការយោធានឹងបន្ត “ច្រើនថ្ងៃតាមដែលវាត្រូវការ ដើម្បីដកចេញ” ការគំរាមកំហែងនេះ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា ការផ្ទុះមួយត្រូវបានគេឮនៅក្នុងទីក្រុង Natanz ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ដែលជាកន្លែងរៀបចំកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា សហរដ្ឋអាមេរិក “មិនជាប់ពាក់ព័ន្ធ” នៅក្នុង “សកម្មភាពឯកតោភាគី” របស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top