ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសគាំទ្រ ដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទច្រកដូង នៃព្រំដែនកម្ពុជានិងថៃ ខណៈសម្តេចបញ្ជាក់ថា ពេលនេះវាដល់ពេលហើយ ដែលត្រូវឆ្លើយតប ដោយវាយបកលើចំណុច
តូចៗ៣ប៉ុណ្ណោះគឺទី១ ឈប់ទិញអ៊ីធើណែត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជា និងទី៣បិទច្រកដូង ដែលនេះជាសកម្មភាពឆ្លើយតប រយៈពេលមិនដល់១២ ម៉ោងរបស់កម្ពុជា ។

នៅលើបណ្តាញសង្គម នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានបង្ហាញការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង។

ក្នុងនោះសម្តេចតេជោ ថ្លែងថា ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃ ឆ្លងកាត់ទៅវៀតណាមតែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។

បន្ថែមលើនេះ សម្តេចតេជោ បានឱ្យកសិករថៃ ដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញ តែពេលណាច្រកព្រំដែនទាំងអស់ ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខាន ការរកស៊ីរបស់ប្រជាជន តែពេលនេះវាដល់ ពេលហើយដែលយើង ត្រូវឆ្លើយតប ដោយវាយបកលើចំណុចតូចៗ ៣ប៉ុណ្ណោះ គឺទី១ឈប់ទិញអ៊ីធើណែត ទី២ ឈប់ឱ្យបញ្ចាំងភាពយន្តថៃ
ក្នុងទឹកដីកម្ពុជា និងទី៣ បិទច្រកដូង ដែលមានផលបះពាល់ផ្ទាល់ ដល់កសិករដាំផ្លែឈើ ។ នេះជាសកម្មភាព ឆ្លើយតបរយៈពេលមិន ដល់១២ម៉ោងរបស់កម្ពុជា ៕
