ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ ផែនទីបង្ហាញផ្លូវ សម្រាប់ពន្លឿនការកែលំអ អាហារូបត្ថម្ភ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃ១៣ មិថុនា បានអញ្ជើញក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអ អាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០» ដើម្បីជំរុញឲ្យមានការ អនុវត្តចូលរួមកាត់បន្ថយបញ្ហា កង្វះអាហារូបត្ថម្ភគ្រប់ទំរង់សម្រាប់ស្រ្តី និង កុមារ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលចថា ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋក្នុងសហគមន៍ អភិបាលរាជធានី-ខេត្ត ត្រូវមានរៀបចំសូចនាករ ឲ្យបានច្បាស់លាស់ជាអ្នកអនុវត្ត ហើយមន្ទីរសុខាភិបាល រាជធានី-ខេត្ត មន្ទីរពេទ្យគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ក្នុងការផលិតសារអប់រំសំខាន់ៗ ពីរបបអាហារហូបចុកដែលមានសុខុមាលភាព។ មន្ទីរសុខាភិបាល ត្រូវរៀបចំ ៖ ផែនការយុទ្ធសាស្រ្ត ដោយត្រូវមានស្ថានភាពបច្ចុប្បន្ន លក្ខខណ្ឌប្រកប បញ្ហាប្រឈម , ផែនការសកម្មភាព ជាពិសេសប្រជាពលរដ្ឋ ដែលខ្វះខាតអាហារូបត្ថម្ភ តាមទីជនបទ និងតាមដានឲ្យបានជាប់ប្រចាំ ការលូតលាស់របស់កុមារ ដោយត្រូវវាស់កម្ពស់ ថ្លឹងគីឡូ ភាពស្គមស្គាំង និងប្រាជ្ញារបស់កុមារ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើនការងារសមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព បានអនុម័តនូវអាទិភាពសំខាន់ៗ ជាពិសេស ការអភិវឌ្ឍមូលធនមនុស្សនៅតែជាអាទិភាពចម្បង ហើយការផ្តោតសំខាន់មួយនោះ គឺការកែលម្អសុខភាព និងសុខុមាលភាពរបស់ប្រជាជន។ ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ ឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងការប្តេជ្ញាចិត្តថ្នាក់ជាតិ សម្រាប់ការកែលម្អអាហារូបត្ថម្ភ ផ្អែកលើអាទិភាពជាតិ និងយុទ្ធសាស្រ្ត ក្នុងការបង្កើនគុណភាព សេវាដែលពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដើម្បីកែលម្អទម្លាប់ នៃការទទួលទានរបបអាហារ ដែលល្អ ចំពោះសុខភាព ។

ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះ ដើម្បីឈានទៅសម្រេចបាន នូវគោលដៅនានានៃផែនទីបង្ហាញផ្លូវនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ត្រូវចូលរួមសហការ សម្របសម្រួល គាំទ្រ ក្នុងការអនុវនូវផែនទី បង្ហាញផ្លូវនេះឲ្យបានជោគជ័យផងដែរ ៕

To Top