ឡូសអេនជឺឡេស៖ ចៅក្រមសហព័ន្ធមួយរូប បានចេញដីកាហាមឃាត់បណ្តោះអាសន្នមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបញ្ជាឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ប្រគល់ការគ្រប់គ្រងកងឆ្មាំជាតិទៅរដ្ឋកាលីហ្វ័រញ៉ាវិញ។
ការដាក់ពង្រាយកងឆ្មាំជាតិកាលីហ្វ័រញ៉ា និងទាហានម៉ារីនអាមេរិកនៅក្នុងទីក្រុង Los Angeles របស់លោក ត្រាំ គឺខុសច្បាប់ ទាំងការបំពានលើវិសោធនកម្មទី១០ និងលើសពីសិទ្ធិអំណាចច្បាប់របស់លោកនៃ បទបញ្ជា ដែលចូលជាធរមាននៅពេលរសៀលថ្ងៃសុក្រសប្ដាហ៍មុន។
ចៅក្រមស្រុកអាមេរិកលោក Charles Breyer បានឲ្យដឹងថា លោក ត្រាំ បានហួសព្រំដែនរបស់លោកក្នុងការបញ្ជាឱ្យដាក់ពង្រាយសមាជិកឆ្មាំជាតិប្រហែល ៤,០០០ នាក់ទៅកាន់ទីក្រុង Los Angeles បន្ទាប់ពីការតវ៉ាបានផ្ទុះឡើងជុំវិញការបង្ក្រាបជនអន្តោប្រវេសន៍។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្តឹងដើម្បីរារាំងការដាក់ពង្រាយឆ្មាំជាតិប្រឆាំងនឹងការចង់បានរបស់លោក។ ក្រោយមក រដ្ឋកាលីហ្វ័រញ៉ា បានដាក់សំណើបន្ទាន់មួយ ដោយសុំឱ្យចៅក្រមរារាំងឆ្មាំ មិនឱ្យជួយក្នុងការវាយឆ្មក់ជនអន្តោប្រវេសន៍។
បទបញ្ជាហាមឃាត់ពីលោក Breyer បានផ្តល់ “ការស្តីបន្ទោសយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការដាក់ពង្រាយកងទ័ពឆ្មាំជាតិរាប់ពាន់នាក់នៅតាមដងផ្លូវនៃទីក្រុងអាមេរិក ដែលជាវិធានការដែលបានរួមចំណែកដល់ការឃោរឃៅនៃនយោបាយជិតមួយសប្តាហ៍ និងការតវ៉ានៅទូទាំងប្រទេស”៕
ប្រែសម្រួល ឈូក បូរ៉ា
