វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថាសហរដ្ឋអាមេរិកមានភាគហ៊ុន នៅក្នុងក្រុមហ៊ុន United States Steel Corp. ដោយបន្ថែមថា វានឹងត្រូវបានគ្រប់គ្រងដោយរូបលោក បន្ទាប់ពីការវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Nippon Steel Corp. នៅក្នុងក្រុមហ៊ុនផលិតដ៏ល្បីរបស់អាមេរិក។
លោក ត្រាំ បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា “យើងមានចំណែកមាស ដែលខ្ញុំគ្រប់គ្រង ឬប្រធានាធិបតីគ្រប់គ្រង។ ឥឡូវនេះ ខ្ញុំមានការព្រួយបារម្ភបន្តិចថា តើអ្នកណាជាប្រធានាធិបតី ប៉ុន្តែវាផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងទាំងស្រុង” ។
លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា “វាជាកម្មសិទ្ធិ ៥១ ភាគរយដោយជនជាតិអាមេរិក” ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀប ដែលកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនផលិតដែកថែបជប៉ុនដ៏ធំ និងក្រុមហ៊ុនអាមេរិក ដែលកំពុងជួបបញ្ហាត្រូវបានរៀបចំឡើងដោយធ្វើឲ្យអ្នកវិនិយោគ និងមនុស្សជាច្រើនទៀតមានការភ័ន្តច្រឡំ។
ភាគហ៊ុនមាស គឺជាប្រភេទភាគហ៊ុន ដែលផ្តល់អំណាចវេតូ លើការសម្រេចចិត្តគ្រប់គ្រងសំខាន់ៗ ដូចជាការអនុម័ត ឬបដិសេធសមាជិកក្រុមប្រឹក្សាភិបាល និងកាត់បន្ថយសមត្ថភាពផលិតកម្ម ប៉ុន្តែវាមិនច្បាស់ភ្លាមៗថាតើភាគហ៊ុនបែបនេះនឹងអនុញ្ញាតឱ្យភាគហ៊ុនគ្រប់គ្រងនៅក្នុងក្រុមហ៊ុន US Steel ជាកម្មសិទ្ធិរបស់ជនជាតិអាមេរិកយ៉ាងដូចម្តេចនោះទេ។
ក្រុមហ៊ុន Nippon Steel បានព្យាយាមធ្វើឱ្យក្រុមហ៊ុន US Steel ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុង។ ការដេញថ្លៃទិញយក ១៤,១ពាន់លានដុល្លារត្រូវបានប្រកាសដោយអ្នកទាំងពីរនៅក្នុងខែធ្នូ ឆ្នាំ២០២៣។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នាពេលនោះបានចេញមុខប្រឆាំងយ៉ាងខ្លាំងចំពោះផែនការនេះ។ នៅដើមខែមករាឆ្នាំនេះ លោកបានចេញបញ្ជារារាំងការលក់ដែកថែបរបស់សហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ តាមអនុសាសន៍របស់ក្រុមប្រឹក្សាទីភ្នាក់ងារសហព័ន្ធ៕
ប្រែសម្រួល ឈូក បូរ៉ា
