ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលថា អ៊ីរ៉ង់ ឆ្លងបន្ទាត់ក្រហមហើយ បន្ទាប់ពីបានបាញ់មីស៊ីលរាប់រយគ្រាប់ដាក់អ៊ីស្រាអែល

xinhua

បរទេស៖ ការឆ្លើយតបរបស់ទីក្រុងតេហេរ៉ង់ចំពោះការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលលើសាធារណរដ្ឋអ៊ីស្លាម គឺបាន “ឆ្លងកាត់បន្ទាត់ក្រហម” ហើយ។ រដ្ឋមន្ត្រីការពារជាតិរបស់រដ្ឋជ្វីហ្វគឺលោក Israel Katz បាននិយាយដោយប្តេជ្ញាថា នឹងធ្វើឱ្យអ៊ីរ៉ង់ចំណាយ “តម្លៃដ៏ធ្ងន់” សម្រាប់សកម្មភាពរបស់ខ្លួននេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ីរ៉ង់​បាន​បាញ់​មីស៊ីលដ៏​ខ្លាំងក្លាកាលពី​ល្ងាច​ថ្ងៃ​សុក្រ ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​ជា​បន្តបន្ទាប់​ដែល​សំដៅ​លើ​ទីតាំង​យោធា និង​នុយក្លេអ៊ែរ​នៅ​ក្នុង​សាធារណរដ្ឋ​អ៊ីស្លាម​នៅ​ថ្ងៃ​ដដែល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានឱ្យដឹងថា យោធារបស់ប្រទេសនេះបានបាញ់មីស៊ីល “រាប់រយគ្រាប់” ទៅកាន់អ៊ីស្រាអែល ក្នុងរលកជាច្រើន ។

យ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែល បានអះអាងថា មីស៊ីលផ្លោងតិចជាង ១០០ គ្រាប់ត្រូវបានបាញ់មកលើអ៊ីស្រាអែល នៅក្នុងបន្ទាយពីរ។

បើយោងតាមអាជ្ញាធរវេជ្ជសាស្ត្រអ៊ីស្រាអែល គឺយ៉ាងហោចណាស់មនុស្ស ៣៥ នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់, ស្ត្រី​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ទីក្រុង Tel Aviv ទំនង​ជា​គោលដៅ​សំខាន់​មួយ​សម្រាប់​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់។ អាជ្ញាធរ​អ៊ីស្រាអែល​បាន​បញ្ជាក់​ពី​ទីតាំង​ប៉ះពាល់​យ៉ាង​ហោច​ណាស់​ចំនួន​ប្រាំពីរ​ក្នុង​តំបន់​ទីក្រុង។

ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃសុក្រ គឺបានសម្លាប់ឧត្តមសេនីយ Hossein Salami មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមវរជនអ៊ីរ៉ង់ (IRGC) និងឧត្តមសេនីយ Mohammad Bagheri ដែលជាប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top