ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យអំពីស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្រឃ្មំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ និង បានដឹកនាំរៀបចំកម្លាំង និង រថយន្តជាច្រើនរយគ្រឿងត្រៀមជម្លៀសប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-ថៃ ទៅកាន់ទីតាំងមានសុវត្ថិភាព ក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ។

នៅក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តក៍បានបញ្ជាក់ថា ដោយគោរពតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តពោធិ៍សាត់ កម្លាំងជួរមុខបានត្រៀមលក្ខណះជាស្រេចក្នុងការការពារបូរណភាពទឹកដី ហើយអាជ្គាធរខេត្តបានត្រៀមកម្លាំង ស្បៀងអាហារ ថ្មពេទ្យ ថវិកា និង រថយន្តប្រមាណជា ១៧០ គ្រឿងរួចរាល់ក្នុងការជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋប្រមាណ ៣០០០ នាក់ស្មើរនិង ៨០០ គ្រួសារក្នុងករណីចាំបាច់។ លោកអភិបាលខេត្តក៍បញ្ជាក់បន្ថែមថា ចំពោះចរន្តអគ្គីសនី ប្រព័ន្ធអ៊ីនធើណែត ក្នុងស្រុកវាលវែង ពុំមានតភ្ជាប់មកពីប្រទេសថៃនោះទេ គឺប្រើប្រាស់ប្រភពក្នុងខេត្តពោធិ៍សាត់ទាំងអស់៕


