ព័ត៌មានជាតិ

តំណាងក្រសួងការងារ ចូលរួមជាវាគ្មិននៃវេទិកាភាគីពាក់ព័ន្ធស្ដីពីការលើកកម្ពស់ លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់កម្ពុជា

ភ្នំពេញ៖ មន្ត្រីជំនាញនៃនាយកដ្ឋានពេទ្យការងារ និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួម ក្នុងវេទិកាភាគីពាក់ព័ន្ធស្ដីពី “ការលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់កម្ពុជា ដោយផ្ដោតលើសុវត្ថិភាព និងសុខភាពការងារ ” ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។

វេទិកាដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអាម៉េរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងពិភាក្សាលើអនុសាសន៍រួមគ្នាក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសឆ្លើយតបជាមួយភាពតានតឹងដោយកម្ដៅនៅកន្លែងការងារ។

ក្នុងវេទិកាដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមកពីនាយកដ្ឋានពេទ្យការងារ និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនេះ តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ព្រមទាំងសមិទ្ធផលថ្មីៗរបស់ក្រសួងដែលបាននឹងកំពុងអភិវឌ្ឍ និងសម្រេចបានរួមមានជាអាទិ៍ សេចក្តីព្រាងច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ដែលបម្រើឱ្យការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាព និងសុខភាពការងារ តាមរយៈការផ្តល់ការបណ្តុះបណ្តាលទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែង។

បន្ថែមពីនេះ ប្រធានបទស្ដីពីការអនុវត្តពាក់ព័ន្ធសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរក៏ត្រូវបានគូសរំលេចទៅកាន់អង្គពិធីផងដែរ។

គួររំលឹកដែរថា ដើម្បីផ្សារភ្ជាប់ក្រសួងឱ្យកាន់តែកៀកជាមួយនិងកម្មករនិយោជិត អង្គការកម្មករនិយោជិត ប្រតិភូបុគ្គលិក និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងការទទួលបានព័ត៌មាន និងដាក់សំណើសុំអន្តរាគមន៍ ឬបណ្ដឹងអនាមិក ក្រសួងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បញ្ជរសេវាសាធារណៈចល័ត កម្មវិធីទូរស័ព្ទ (MLVT Service) ក្រុមតេឡេក្រាម“សម្រាប់និយោជក” ក្រុមតេឡេក្រាមសម្រាប់ “កម្មករនិយោជិត” និងលេខទូរស័ព្ទទាន់ហេតុការណ៍៕

To Top