ព័ត៌មានជាតិ

ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ នឹងប្រារព្ធទូទាំងប្រទេសនៅថ្ងៃស្អែក

ភ្នំពេញ៖ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ នឹងប្រារព្ធទូទាំងប្រទេសនៅថ្ងៃស្អែកនេះដែលមានរយៈពេល​ពីរថ្ងៃនៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ខណៈដែលរាជធានីភ្នំពេញ ប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ២០:០០នាទីយប់។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងវិស័យឯកជនឱ្យបានយល់អំពីសារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវេត (TVET)» ក្នុងការជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ប្រកបដោយ​គុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ​ការងារទាំងក្នុងនិងក្រៅប្រទេស។ នេះបើយោងតាមសារាចរណែនាំ​របស់រាជរដ្ឋាភិបាលចុះថ្ងៃទី ២៣ ខែឧសភាឆ្នាំ២០២៥។

សារាចរណែនាំរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា ទិវាជាតិនេះស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះទី១ គឺមនុស្សដោយបានផ្តោតសំខាន់ លើការកសាង និងអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

កម្មវិធីនេះនឹងប្រារព្ធក្រោមអធិបតីភាពរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

To Top