ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្តល់សេវា និងសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ ត្រឡប់មកពីថៃវិញ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវានិងការ សម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណង ត្រឡប់មកកម្ពុជាវិញ ។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរ នៅប្រទេសថៃ ជួយសម្រួល ឯកសារនានា ដែលពលករខ្មែរខ្វះខាត សម្រាប់ឆ្លងដែនមកកម្ពុជា។

លើសពីនេះ សម្តេចបវរធិបតី បានណែនាំទៅលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផ្តល់ព័ត៌មាន និងភ្ជាប់ការងារជូនដល់ពលករ ដែលត្រឡប់មកវិញ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា, ឯកឧត្តម សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលធានី ខេត្ត ជាប់ព្រំដែនទាំង៧ គឺធ្វើយ៉ាងណា ដើម្បីជួយសហការ ក្នុងការសម្រួលប្រជាពលរដ្ឋ របស់យើងដែលត្រឡប់មកវិញ មាន ឬគ្មានឯកសារ គឺឱ្យគាត់ចូលមក ឱ្យតែជនជាតិខ្មែរ»៕

To Top