ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីព្យុហយាត្រាសាមគ្គីភាព ដោយធ្វើការជួបជុំ នៅមុខទីធ្លា សាលមហាស្រពកោះពេជ្រ នឹងចេញដំណើរឆ្ពោះ ទៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ដោយធ្វើការជួបជុំ នៅមុខទីធ្លាសាល មហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រា ចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្ត ទៅនៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបង្ហាញពីស្មារតី សាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិ ប្រជាជន ក្នុងការគាំទ្រ ដល់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យពិធីព្យុហយាត្រាសាមគ្គីភាពខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស បាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមាន សមត្ថកិច្ចនឹងធ្វើការ បញ្ចៀសចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ដែលធ្វើដំណើរតាម តម្រាយផ្លូវក្បួនព្យុហយាត្រា ចេញពីទីធ្លាមុខសាលមហោស្រពកោះពេជ្រ ឆ្លងកាត់តាមស្ពាននាគភ្លោះ រួចបន្ត តាមកំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត រហូតដល់រង្វង់មូលវិមានឯករាជ្យ៕
