ភ្នំពេញ ៖ គិតត្រឹមម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ។ តាមរយៈ ការចុះផ្ទាល់របស់មន្រ្តីជំនាញខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃ មកមាតុភូមិកម្ពុជាវិញ ។


គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការចុះផ្តល់ព័ត៌មានទាក់ទងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ នេះផងដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនរថយន្តជាច្រើនគ្រឿង ដែលជាមជ្ឈមណ្ឌលការងារ ចល័តរបស់ខ្លួន ទៅកាន់តំបន់ព្រំដែននីមួយៗនៃកម្ពុជា-ថៃ ដើម្បីទទួលចុះឈ្មោះបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ហើយមានបំណងចង់បានឱកាសការងារភ្លាមៗ ក៏ដូចជាការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាដើម។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍បងប្អូន ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជា នៅគ្រប់ច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីជួយសម្របសម្រួលជូនបងប្អូនទាំងផ្លូវច្បាប់ ការផ្ដល់ការងារថ្មីនៅក្នុងស្រុក និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានានៅកម្ពុជា ដែលក្នុងនោះអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), TVET, និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងមន្រ្តី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បាននឹងកំពុងសស្រាក់សស្រាំអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តលើការងារនេះផងដែរ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងបញ្ជាក់កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ផងដែរថា ក្រសួងមានយន្តការ គ្រប់គ្រាន់ និង មានលទ្ធភាពសមរម្យគ្រប់គ្រាន់ ដើម្បីអាចផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានត្រឡប់មក កាន់មាតុភូមិកម្ពុជាវិញ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ក្រៅពីការផ្ដល់ឱកាសការងារហើយនោះ ក្រសួងក៏បានត្រៀមរៀបចំរួចរាល់ ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋកម្ពុជាជាទូទៅ និងពលករជាពិសេសផងដែរ។

សូមបញ្ជាក់ថា បើយោងតាមការប្រកាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ កម្ពុជាមានឱកាសការងារនៅទូទាំងប្រទេសសរុបប្រមាណជាង ២៣ ម៉ឺនកន្លែង៕





