ភ្នំពេញ ៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគម ធនាគារនៅកម្ពុជា បានឱ្យដឹងថា សមាគម ប្តេជ្ញាធានានូវលទ្ធភាព ទទួលបានហិរញ្ញវត្ថុ សម្រាប់រួមចំណែកគាំទ្រ ដល់សុខុមាលភាពរបស់ប្រជាជន និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ តម្លាភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម” ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយ នាថ្ងៃទី១៦ មិថុនា បញ្ជាក់ឱ្យដឹងថា វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងវិវត្តប្រកបដោយចីរភាព ការទទួលខុសត្រូវ និងភាពធន់ ព្រមជាមួយនឹងការលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋក្នុងសហគមន៍។ បណ្ដាធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុ (MFIs) អ្នកផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុនានា បាននិងកំពុងអនុវត្តការផ្តល់ កម្ចីផ្អែកលើក្រមសីលធម៌ អនុលោមភាពបរិស្ថាន សង្គម និង អភិបាលកិច្ច ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្នដែលបម្រើ ដល់ផលប្រយោជន៍ទាំងមនុស្ស និងភពផែនដី។
ចំនួនសមាជិកក្នុងវិស័យធនាគារបានកើនពី ៤៨ ទៅ៧៤ នៅឆ្នាំ២០២៤ ក្នុងនោះរួមមាន ធនាគារពាណិជ្ជចំនួន ៥៧ ធនាគារឯកទេសចំនួន ៨ ការិយាល័យតំណាងធនាគារបរទេសចំនួន ៦ សមាគមមីក្រូហិរញ្ញវត្ថុចំនួន១ សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជាចំនួន១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន១ និងសាជីវកម្មធានាឥណទានកម្ពុជា(CGCC) ។ ពួកគេបាននិងកំពុងប្តេជ្ញាចិត្ត ក្នុងការវាយតម្លៃហានិភ័យ យ៉ាងម៉ត់ចត់បន្ថែមទៀតទាក់ទង នឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ អភិបាលកិច្ច និងផលប៉ះពាល់សង្គម។
លោក រ័ត្ន សោភ័ណ ប្រធានសមាគម ធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា «ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវ យើងប្តេជ្ញាធានា នូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់រួមចំណែកគាំទ្រដល់ សុខុមាលភាព របស់ប្រជាជន និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ តម្លាភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម»។
លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមី ក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា «ការទូទាត់តាមប្រព័ន្ធ ឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ បាននិងកំពុងផ្លាស់ប្ដូរបរិបទ នៃការរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ ដែលខ្វះលទ្ធភាពក្នុងការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ។ តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងគណនេយ្យភាព យើងកំពុងកសាង នូវសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងគាំទ្រដល់អតិថិជន និងកិច្ចការពារសហគមន៍»៕
