ភ្នំពេញ៖ មុននឹងប្រារព្ធពិធី ព្យុះហយាត្រាសាមគ្គីភាព (Solidarity Mach) ដែលរៀបចំឡើង ដោយសហភាពសហពន្ធ័យុវជនកម្ពុជា (ស.ស.យ.ក)មួយថ្ងៃ ពោលនារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាទីតាំងទឹកដី ដើម្បីប្រារព្ធពិធីឱ្យប្រព្រឹត្តទៅបានសុខសប្បាយ និងជោគជ័យ តាមបែបសាសនា ។

ពិធីក្រុងពាលីនារសៀលនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាតំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅមុខមហោស្របកោះពេជ្រ ។

ពិធីតាមបែបសាសនា ត្រូវបានធ្វើឡើងខាងលើនេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍ ព្យុះហយាត្រាសាមគ្គីភាព នៅថ្ងៃទី១៨ មិថុនា ព្យុះហយាត្រាសាមគ្គីភាព (Solidarity Mach) ដែលរៀបចំឡើង ដោយសហភាព សហពន្ធ័យុវជនកម្ពុជា សហការជាមួយសាលារាជធានីភ្នំពេញ នឹងរៀបចំមានកម្មវិធីព្យុះហយាត្រាសាមគ្គីភាព ដែលនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨ស្អែកនេះ ដែលគ្រោងចេញដំណើរដោយថ្មើរជើង ពីមុខសាលពិពណ៌សន្និបាតកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យ ដែលនឹងមានមហាជនចូលរួមរាប់ម៉ឺននាក់។

សូមបញ្ជាក់ថា ព្យុះហយាត្រាសាមគ្គីភាព នេះជាព្រឹត្តិការប្រវត្តិសាស្ត្រ និងមានអត្ថន័យដ៏ ជ្រាលជ្រៅ នៃខឿនការពារជាតិប្រជាជន។ គោលបំណងសំខាន់ នៃពិធីព្យុះហយាត្រានាពេលនេះ ចង់បង្ហាញពីការគាំទ្រសុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជា ផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តិ ដោយកម្ពុជាមិនមានបំណង ចង់បានទឹកដី របស់ប្រទេសណាមួយ សូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាមិនអោយនរណា យកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រដែរ ។

បង្ហាញការគាំទ្រ វិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ការពារជាតិប្រជាជន។ បង្ហាញការគាំទ្រ ក្នុងការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារ ដើម្បីដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយផ្អែកលើស្មារតីត្រូវពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង។ ស្មារតី សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់ពលរដ្ឋម្នាក់ៗ គឺជាកំលាំងចិត្តសំរាប់រាជរដ្ឋាភិបាល និងកងកំលាំងប្រដាប់អាវុធនាពេលនេះ៕






