ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជម្រុញចលនា កាយរឹទ្ធិឲ្យកាន់តែសកម្មភាពបន្ថែមទៀត ក្នុងការកសាងមូលធន មនុស្សនៅកម្ពុជា ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើក “មហាសន្និបាត វិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា” នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបន្តជម្រុញ ចលនាកាយរឹទ្ធិ ឲ្យក្លាយជាយន្តការមួយ ដែលមានប្រសិទ្ធភាព នៅក្នុងការអប់រំ និងការហាត់ពុតលត់ដុំទាំងគំនិត បញ្ញាស្មារតីព្រមទាំងកាយ សម្បទារបស់យុវជន និងកុមារឲ្យកាន់តែសកម្មភាព បន្ថែមទៀត ដើម្បីឲ្យសមាជិក-សមាជិការទាំងអស់អភិវឌ្ឍន៍ខ្លួនជាធនធានមនុស្សខប្រកបដោយចំណេះដឹង សីលធម៌ ចរិយា សម្បត្តិថ្លៃថ្នូរជាពលរដ្ឋល្អ និងជាពលរដ្ឋសកលស្រប តាមចក្ខុវិស័យរបស់អង្គការពិភពលោក នៃចលនាកាយរឹទ្ធិ គឺការកសាងពិភពលោកមួយដែលស្រស់ថ្លា ។
សម្តេចធិបតីបន្តថា ការរៀបចំយន្តការចំពោះយុវជននានា គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់កសាងមូលធនមនុស្សរបស់កម្ពុជា ។
សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា “ពាក្យថាមូលធនមនុស្សនោះ គឺមិនមែនមានតែសមត្ថភាពនោះទេ ត្រូវមានស្មារតី សីលធម៌ គុណធម៌ជាពិសេស នូវស្មារតីស្នេហាជាតិខ្ពស់ ធ្វើអ្វីៗដើម្បីពង្រឹងជាតិរបស់យើង ។ នេះគឺជាចក្ខុវិស័យ ។ នេះគឺជាកត្តាសំខាន់”។
សម្តេចធិបតី ក៏បានគូសរំលឹកថា កម្ពុជាកាលពីអតីតកាលធ្លាប់បានជួបបញ្ហាបែកបាក់ជាតិ ប៉ុន្តែក្រោយពីបញ្ចប់សង្គ្រាម កម្ពុជាត្រូវតែកសាងធនធានមនុស្ស ស្មារតីឡើងវិញ ។
សម្តេចធិបតីសង្កត់ធ្ងន់ថា ចលនាអប់រំកាយរឹទ្ធិនេះ គឺជាគំរូមួយនៃការបំផុសស្មារតីនៃការស្ម័គ្រចិត្តនិងឈានទៅដល់ការស្នេហាជាតិយ៉ាងធំធេងបន្ថែមទៀត ៕
