ព័ត៌មានជាតិ

លទ្ធផលនៃកិច្ចប្រជុំ របស់ គ.ជ.ប សម្រាប់ថ្ងៃទី១៧មិថុនា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប សម្រេចលើឯកសារពាក់ព័ន្ធ​ នឹងការបំផ្លាញសន្លឹកឆ្នោត និងឯកសារបោះឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក និងសម្រេចលើចំនួនអ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ឃុំ សង្កាត់ធ្វើការបិទផ្សាយជាសាធារណៈ។

បន្ទាប់ពីបានស្តាប់របាយការណ៍ របស់អង្គភាពជំនាញតាមរបៀបវារៈរួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យឯកសារម្តងមួយៗ ហើយបានពិភាក្សា និងសម្រេចដូចខាងក្រោម៖
១.របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងឯកភាពលើកំណត់ហេតុអង្គប្រជុំ គ.ជ.ប នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ និងកំណត់ហេតុអង្គប្រជុំ គ.ជ.ប នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។

២. របៀបវារៈទី២៖ បន្ទាប់ពីបានពិនិត្យ ពិភាក្សា និងកែសម្រួលរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

  • ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការបំផ្លាញសន្លឹកឆ្នោត ដែលប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២២ និងសម្ភារ ឯកសារបោះឆ្នោតនានា។
  • ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីបែបបទ និងនីតិវិធីនៃការរៀបចំបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត និងសម្ភារ ឯកសារបោះឆ្នោតនានា។ យោងតាមខ្លឹមសារប្រការ៦ សេចក្តីព្រាងនៃសេចក្តីសម្រេចនេះ បានចែងថា សន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោត និងសម្ភារ ឯកសារបោះឆ្នោតនានា ដែលបានគ្រប់គ្រងនិងរៀបចំ ដោយ គ.ជ.ប ហើយត្រូវបំផ្លាញចោល ត្រូវបានកំណត់ដូចខាងក្រោម៖
  • សន្លឹកឆ្នោតដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តាមនីតិកាលនីមួយៗ និងស្បោងដាក់សម្ភារ ឯកសារបោះឆ្នោត បន្ទាប់ពីបានរក្សាទុក ប្រកបដោយសុវត្ថិភាពក្នុងរយៈពេល ៦ (ប្រាំមួយ) ឆ្នាំ។
  • សន្លឹកឆ្នោតដែលត្រូវបានប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក-ព្រឹទ្ធសភា តាមនីតិកាលនីមួយៗ និងស្បោងដាក់សម្ភារ ឯកសារបោះឆ្នោត បន្ទាប់ពីបានរក្សាទុក ប្រកបដោយសុវត្ថិភាពក្នុងរយៈពេល ៦ (ប្រាំមួយ) ឆ្នាំ។
  • សន្លឹកឆ្នោតដែលត្រូវបានប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមអាណត្តិនីមួយៗ និងស្បោងដាក់សម្ភារ ឯកសារបោះឆ្នោត បន្ទាប់ពីបានរក្សាទុក ប្រកបដោយសុវត្ថិភាពក្នុងរយៈពេល ៣ (បី) ឆ្នាំ។
  • សន្លឹកឆ្នោតដែលត្រូវបានប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអាណត្តិនីមួយៗ និងស្បោងដាក់សម្ភារ ឯកសារបោះឆ្នោត បន្ទាប់ពីបានរក្សាទុក ប្រកបដោយសុវត្ថិភាពក្នុងរយៈពេល ៣ (បី) ឆ្នាំ។

៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពលើចំនួន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ឃុំ សង្កាត់បិទផ្សាយជាសាធារណៈ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ នេះ រួមមាន៖
-អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួន ១០.១៦២.២១០នាក់ ក្នុងនោះស្ត្រីមានចំនួន ៥.៣៩៣.២៩៩នាក់ ស្មើនឹង ៩០,៥០% ធៀបនឹងចំនួនប្រជាពលរដ្ឋ
អាយុ ១៨ឆ្នាំឡើងចំនួន ១១.២២៩.០៤៩នាក់។
-អ្នកបោះឆ្នោតដែលនឹងត្រូវលុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោត (អ្នកផ្លាស់ចេញ អ្នកដែលបានទទួលមរណភាព ឈ្មោះស្ទួន និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោត) មានចំនួន ១៦៣.០៣៤នាក់។
-អ្នកបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចំនួន ២.៥៦២.៤៨៧នាក់។
-ការិយាល័យបោះឆ្នោតមានចំនួន ២៤.២៣៥ការិយាល័យ។

៤. របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប សម្រេចយកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃក្រុងពាលី និងចម្រើនព្រះបរិត្តប្រោះព្រំប្រសិទ្ធពរជ័យ អគារទីស្តីការថ្មីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ៩:៤៤ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

To Top