ព័ត៌មានជាតិ

មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនៅប្រចាំការ និងកំពុងរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតប៉ោយប៉ែត ត្រូវបានមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនៅប្រចាំការ និងកំពុងរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ។

តាមរយៈការចុះប្រចាំការ និងទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ
នៅច្រកព្រំដែនខាងលើ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក បាននិងកំពុងរង់ចាំទទួលបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ជាពិសេសគឺការផ្តល់ព័ត៌មានស្តីពីឱកាសការងារជាច្រើនកន្លែង ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របបសន្តិសុខសង្គមដែលនឹងទទួលបាន នៅពេលបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរទទួលបានការងារធ្វើនៅកម្ពុជា ជាមួយនឹងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីជាមួយ ប.ស.ស.។

សកម្មភាពនេះគឺជាការគិតគូរខ្ពស់បំផុតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការងារដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតប៉ោយប៉ែត មានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

To Top