បន្ទាយមានជ័យ៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅមណ្ឌលសំចតប៉ោយប៉ែត ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះរដ្ឋាភិបាលបានគិតគូរផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ពួកគាត់។

លោកស្រី ឆន ឆែម ពលករខ្មែរដែលមកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តព្រៃវែង បានសម្តែងនូវការសប្បាយរីករាយត្រេកអរក្រៃលែង ដែលរដ្ឋាភិបាលបានជួយគិតគូរផ្តល់ទាំងឱកាសការងារ ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និងបានជួយសម្រួលដំណើរការនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរ។

លោកស្រីនិយាយថា៖ «ខ្ញុំចង់ធ្វើការងារអ្វី ខាងក្រសួងការងាររកឱ្យ ចង់រៀនគេបញ្ចុះតម្លៃឱ្យ ពិតជាល្អណាស់ ខ្ញុំសប្បាយចិត្តត្រេកអរពន់ពេកដែលរដ្ឋាភិបាលបានជួយគិតគូរផ្តល់ទាំងឱកាសការងារ ផ្តល់ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និងបានជួយសម្រួលនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរទៀតផង ហើយទាំងអស់នេះគឺល្អរកលេខដាក់មិនបានទេ ល្អដែលខំជួយប្រជាជន ជួយស្វះស្វែងជួយប្រជាជនល្អខ្លាំងណាស់»។

ជាមួយគ្នានេះ កញ្ញា តាំង ស្រីនាង ជាពលករមកពីប្រទេសថៃម្នាក់ទៀតមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ប្រាប់ថា៖ «មកដល់ភ្លាមក្រសួងការងារបានប្រាប់ពីឱកាសការងារជាច្រើន និងមានកាបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃថែមទៀត សម្រាប់ខ្ញុំ ខ្ញុំចង់ធ្វើការបន្តព្រោះដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ។ ខ្ញុំសប្បាយចិត្តដែលបានមកធ្វើការក្នុងប្រទេសរបស់ខ្លួន ហើយការងារក្នុងស្រុកគឺនៅក្បែរផ្ទះងាយស្រួលសម្រាប់ខ្ញុំផងដែរ»។

បន្ថែមលើនេះ កញ្ញាបានអរគុណដល់រដ្ឋាភិបាលដែលបានជួយដល់បងប្អូនពលករខ្មែរនៅថៃដែលវិលត្រឡប់មកស្រុកកំណើតវិញទទួលបានការងារធ្វើ និងអាចជួយផ្គត់ផ្គង់គ្រួសារបាន។

ពលករដែលមកពីប្រទេសថៃ បានអំពាវនាវដល់បងប្អូនពលករ និងប្រជាពលរដ្ឋដែលធ្វើការនិងរស់នៅប្រទេសថៃ ទាំងអស់កុំមានការភិតភ័យសូមត្រឡប់មកប្រទេសកម្ពុជាវិញ ព្រោះប្រទេសកម្ពុជាមានការងារជាច្រើនកំពុងរងចាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ៕





