ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា ព្យាយាមដោះស្រាយដោយប្រកាន់ ជំហររក្សាសន្តិភាព ​មិត្តភាព កិច្ចសហប្រតិបត្តិការ លើបញ្ហាជាព្រំដែន ជាមួយថៃ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន​ ជាមួយប្រទេសថៃ ដែលកំពុងឡើងកម្តៅ កម្ពុជា បាននិងកំពុងព្យាយាមដោះស្រាយ ដោយប្រកាន់គោល ជំហររក្សាសន្តិភាព ​មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍​ សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើង ក្នុងឱកាសថ្លែងសារពិសេស ជូនជនរួមជាតិ ក្នុងឱកាសលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា រួមទាំងប្រជាពលរដ្ឋ ប្រមាណ១០ម៉ឺននាក់ ចូលរួមកម្មវីធីដំណើរថ្មើរជើង «Solidarity March» ដើម្បីជាការបង្ហាញ នូវការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធជួលមុខ លើការដោះស្រាយ បញ្ហាព្រំដែន ជាមួយប្រទេសថៃ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី បានថ្លែងអំណរគុណ និងដឹងគុណ ដល់រាជរដ្ឋាភិបាល នីតិកាលមុនៗ ក្រោមការដឹក នាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការដឹកនាំប្រទេសជាតិប្រកបដោយ ការលះបង់ ការខិតខំប្រឹងប្រែង និង ទំនួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ រហូតបានសន្តិភាព ពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា រហូតដល់ពេលបច្ចុប្បន្ន ។

ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ប្តេជ្ញាបន្តបេសកកម្ម និងគំរូវីរៈភាព របស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីថែរក្សាការពារអធិបតេយ្យបូរណភាពទឹកដី សន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងប្រជាជនកម្ពុជា ។

បន្ថែមលើនេះ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន​ ជាមួយប្រទេសថៃ ដែលកំពុងឡើងកម្តៅ សម្តេចធិបតី បានគូសបញ្ជាក់ថា “កម្ពុជា បាននិងកំពុងព្យាយាមដោះស្រាយ ដោយប្រកាន់ គោលជំហររក្សាសន្តិភាព ​មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តម ប្រយោជន៍​ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។ កម្ពុជា បន្តប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ កម្ពុជា-ថៃ (JBC) ដើម្បីបន្តការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលនៅសេសសល់ លើកលែងតែនៅតំបន់៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកម្ពុជា បានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយរកដំណោះស្រាយ ហើយលិខិតផ្លូវការបានប្រគល់ទៅឱ្យ ICJ កាលពីថ្ងៃចន្ទទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ” ។

សម្តេចធិបតី ក៏បានថ្លែងបញ្ជាក់បន្ថែមថា កម្ពុជា ជ្រើសរើស យកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការ ICJ គឺដើម្បីថែរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង និងសម្រាប់ជាឧត្តមប្រយោជន៍ ពិតប្រាកដរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ដំណើរថ្មើរជើងរួមគ្នា ដែលបងប្អូនជនរួមជាតិ បានចូលរួមនាព្រឹកនេះ ពិត​ជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងបានផ្តល់ជាកម្លាំងចិត្ត គាំទ្រយ៉ាងសំខាន់ ដល់រាជរដ្ឋាភិបាល ជាពិសេសកងកម្លាំងជួលមុខ ក្នុងការបន្តបំពេញបេសកកម្មការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពេលព្រមគ្នា នៃការបន្តថែរក្សាសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម លើគ្រប់វិស័យផងដែរ៕

To Top