ភ្នំពេញ ៖ លោក សយ សុភាព ជាអ្នកតាមដានស្ថានការណ៍ នយោបាយ និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានមើលឃើញពីសភាពការណ៍ថៃ នាពេលបច្ចុប្បន្នថា ក្រុមយោធាថៃ អាចនឹងធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី ថែថងថាន ស៊ីណាវ៉ាត់ត្រា ចេញពីនាយករដ្ឋមន្រ្តីឆាប់ៗនេះហើយ ។
អ្វីដែលលោកប្រមើលមើលឃើញ ពីជោគវាសនារបស់លោកស្រី នាយករដ្ឋមន្រ្តីថៃ ចំពោះការធ្វើរដ្ឋប្រហារ ទំលាក់ពីអំណាចនេះ តាមរយៈព្រឹត្តិការណ៍ធំៗ ២យ៉ាង គឺនាយករដ្ឋមន្ត្រីថៃ លោកស្រី ថែ ថងថាន កំពុងធ្វើឲ្យក្រុមហ្វាស់ស៊ីសយោធារបស់ថៃ ខឹងសម្បារនិងដុតរោលជាខ្លាំង ចំពោះលោកស្រីនាយករដ្ឋមន្ត្រី គឺមិនអាចបញ្ចុះបញ្ចូល សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានចំពោះការស្នើឲ្យបើកព្រំដែន តាមការចង់បាន របស់ក្រុមហ្វាស់ស៊ីសយោធារបស់ខ្លួន និងករណីមួយគឺកម្ពុជា ដាក់ពាក្យបណ្តឹងទៅតុលាការ យុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ ។
លោកវិភាគបន្តថា ដូច្នេះហេតុផល២ចុងក្រោយនេះ និងបញ្ហាផ្សេងទៀត ពិតជាសមល្មម អាចយកលេសបានហើយ សម្រាប់ពួកយោធាថៃ ដែលនឹងរៀបចំធ្វើរដ្ឋប្រហារ ទំលាក់នាយករដ្ឋមន្រ្តីថៃតែម្តង ។
លោកថា មកដល់ពេលនេះ គឺមានពេលវេលា នៅសល់តិចតូចណាស់ សម្រាប់លោកស្រីនាយករដ្ឋមន្រ្តីថៃ ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រី របស់ប្រទេសថៃដែលសម្បូរទៅដោយរឿងអាស្រូវផ្ទៃក្នុង ជាពិសេសគណបក្សចម្រុះក្នុងរដ្ឋភាបានដើរចេញ ឬបណ្តេញមន្ត្រីក្នុងដៃគូចម្រុះចេញពីរដ្ឋាភិបាល ៕
