ព័ត៌មានជាតិ

មេអាវុធហត្ថភ្នំពេញ បង្ហាញការគាំទ្រ រាជរដ្ឋាភិបាលពេញទំហឹង ក្នុងការដោះស្រាយបញ្ហាព្រំដែន!

ភ្នំពេញ៖ តាមរយៈ ផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបង្ហោះនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះ សម្តេចបវរធិបតី និងសម្តេចតេជោ ក្នុងការ ដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់» ។

ដោយក្នុងនោះ លោកឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា “ខ្ញុំបាទ រួមជាមួយកម្លាំងក្រោមឱវាទ ទូទាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគាំទ្រយ៉ាងពេញទំហឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ សូមគាំទ្រយ៉ាងពេញទំហឹង រាល់ការសម្រេចចិត្ត និងការចង្អុលទិសដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច”។

ក្នុងនោះ លោកឧត្តមសេនីយ៍ឯក បានប្រកាសថា “សូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានដឹកនាំរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ ពេលដែលប្រទេសជាតិត្រូវការយើង បង្ហាញនូវស្មារតីសាមគ្គីឯកភាពជាតិជាធ្លុងមួយ ជួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងការការពារបូរណភាពទឹកដី” ។

ព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើជើង (Solidarity March) របស់មហាជនគ្រប់ស្រទាប់វណ្ណៈ ប្រមាណ១៥ម៉ឺននាក់ រួមមានខ្ញុំម្នាក់ដែរ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

To Top