ព័ត៌មានជាតិ

សង្គមស៊ីវិលចិន ផ្តល់គ្រឿងចក្រ រួមចំណែកដល់បេសកកម្ម បោសសម្អាតមីន នៅកម្ពុជា

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា មានរៀបចំប្រគល់-ទទួលគ្រឿង ចក្រកសិកម្ម១គ្រឿង ពីមូលនិធិចិនសប្បុរសធម៌ Sanyi និងមូលនិធិចិនPEACELAND ក្រោមកិច្ចសម្របសម្រួល ពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជូនដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ។

លោកស្រី Song Ximei ប្រធាននាយកដ្ឋាន សង្គ្រោះគ្រោះមហន្តរាយ នៃមូលនិធិចិនសប្បុរសធម៌Sanyiបានគូសបញ្ជាក់ថា មូលនិធិចិនទាំងពីររួមជាមួយសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន តែងបានបង្កើន សកម្មភាពនានារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកក្នុងបេសកកម្ម របស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស្របតាមសកម្មភាព មនុស្សធម៌អន្តរជាតិរបស់អង្គការ សហប្រជាជាតិថែមទៀតផង ។ គ្រឿងចក្រកសិកម្ម ដែលត្រូវបានបរិច្ចាគនាថ្ងៃនេះ នឹងត្រូវប្រើប្រាស់ចូលរួមចំណែក ដោយផ្ទាល់ក្នុងប្រតិបត្តិការបោសសម្អាតមីន នៅតំបន់រងគ្រោះដោយសារមីន ក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា លើរបរកសិកម្ម ក្រោយទទួលបានដីសុវត្ថិភាព ពីការបោសសម្អាតមីន ។

លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាមិត្តដែកថែប មិត្តចិនបានរួមចំណែកជួយដល់កម្ពុជាលើវិស័យបោសសម្អាតមីន ហើយបន្ថែមពីលើជំនួយដោយផ្ទាល់ពីរដ្ឋាភិបាលចិន សង្គមស៊ីវិលរួមជាមួយវិស័យឯកជនរបស់ប្រទេសចិន ដែលថ្ងៃនេះជាសក្ខីភាព បង្ហាញស្រាប់លើជំនួយមនុស្សធម៌នេះ ក្នុងការរួមចំណែកសម្រេចបាននូវផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់CMAC។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨មក សមាគមបានរួមចំណែកសម្របសម្រួល ជូនដល់មូលនិធិទាំងពីរ ក្នុងកិច្ចសហការជាមួយអង្គពាក់ព័ន្ធនានា លើវិស័យបោសសម្អាតមីន ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវគោលដៅរបស់ប្រទេសកម្ពុជា ដែលគ្មានគ្រាប់មីន ព្រមទាំងរួមចំណែកស្តារនិងអភិវឌ្ឍជនបទនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៨មក ក្រោមការគាំទ្រយ៉ាងពេញទំហឹង ពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន តែងបានកៀគរកម្លាំងសង្គមស៊ីវិលចិនមករួម ចំណែកជាមួយCMAC លើវិស័យបោសសម្អាតមីន ព្រមទាំងបង្កើនការអនុវត្តគម្រោងនានា ដើម្បីបំពេញបាននូវតម្រូវការជាក់ស្តែង នៅនឹងមូលដ្ឋានរបស់ប្រជាជនកម្ពុជា៕

To Top