ភ្នំពេញ៖ សមាគមយុវជនឌីជីថលកម្ពុជា-ចិន (CCDYA) និង KOLs ល្បីៗ របស់កម្ពុជា-ចិន ១៦រូប ដែលមានអ្នកគាំទ្រ សរុបជាង ១០លាននាក់ សហការចូលរួមគាំទ្រ និង ផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ជាពិសេសក្នុងយុទ្ធនាការ ទស្សនាកម្ពុជា នារដូវកាលបៃតង( Green Season) ជូនដល់ប្រជាជនចិន និងពិភពលោកទាំងមូល។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតជូន អ្នកឧកញ៉ា លីម ហ៊ួរនីតូ និង លោក Li Zhen សហប្រធានសមាគម យុវជនឌីជីថលកម្ពុជា-ចិន ព្រមទាំង KOLs ល្បីៗរបស់ ប្រទេសកម្ពុជា និងប្រទេសចិន ចំនួន ១៦រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំមុននឹងក្រុម KOLs កម្ពុជា ចិន ទៅចូលរួមកម្មវិធី Z Generation Lancang- Mekong Short Video XIU Event ដើម្បីផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ដល់ប្រជាជនចិននៅខេត្តយូណាន និងពិភពលោកទាំងមូល។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះសមាគម ដែលបានចូលរួមចំណែក ផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌កម្ពុជា ជាពិសេសក្នុងរដូវកាលបៃតង ទៅដល់ប្រជាជនចិន និងពិភពលោកទាំងមូល។

ជាមួយគ្នានោះដែរលោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ KOLs និង Influencers កម្ពុជា ចិន ដែលបានជួយ និងបន្តជួយផ្សព្វផ្សាយពីព័ត៌មាន ពិតរបស់ប្រទេសកម្ពុជា និងជួយលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ តាមរយៈការផលិត មាតិការូបភាព និងវីដេអូល្អៗ ជាពិសេសការចូលរួម សហការផ្សព្វផ្សាយអំពីកម្ពុជា ជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយបដិសណ្ឋារកិច្ច ដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ និងការកម្សាន្តដ៏សំបូរបែប ម្ហូបអាហារដ៏មានឱជារស ដែលជំរុញឱ្យទេសចរអន្តរជាតិ និងជាពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

ជាលទ្ធផលនៃជំនួប ភាគីទាំងពីរក៏បានយល់ព្រម ក្នុងការពិនិត្យលទ្ធភាព ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងឌីជីថល នាពេលខាងមុខ។

លោករដ្ឋមន្រ្តីបានគាំទ្រ លើគម្រោង នៃការរៀបចំឱ្យមានព្រឹត្តិការណ៍ KOLs កម្ពុជា ចិន របស់សមាគម ដែលគ្រោងនឹងរៀបចំនៅអំឡុងខែកញ្ញា-តុលា ឆ្នាំ២០២៥ ស្របតាមឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥៕




