កំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែមិថុនា បានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ទើបត្រឡប់មកពីធ្វើការ នៅតាមតំបន់ព្រំប្រទល់កម្ពុជា-ថៃ ចំនួន ១៩៦នាក់ នៅភូមិស្វាយម្សៅ, ភូមិអង្គរនាង និងភូមិដា ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានជម្រាបជូនអំពីសាវតា ជម្លោះនៅព្រំដែន កម្ពុជា-ថៃ នាពេលកន្លងមក និងអំពីបច្ចុប្បន្នភាពស្ថានការណ៍ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលគោលជំហរដ៏ច្បាស់លាល់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដី ជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនខាងលើ ដែលកំពុងមានជម្លោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ ។

លើសពីនេះទៀត លោក នួន ផារ័ត្ន បានជំរុញដល់អាជ្ញាធរក្រុងស្រុក សហការជាមួយមន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការ របស់រដ្ឋបាលខេត្ត ក្នុងការទទួលស្វាគមន៍ បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដើម្បីជួយសម្របសម្រួលផ្តល់ការងារ ជូនបងប្អូនពលករខ្មែរ និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់៕ដោយសំនៀង



