ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will Parks នាយកអង្គការ យូនីសេហ្វប្រចាំនៅកម្ពុជា បានពិភាក្សានិងផ្លាស់ប្ដូរ យោបល់គ្នាប្រកបដោយ វិជ្ជមានជាពិសេសអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងយូនីសេហ្វ និងក្រសួងមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណអង្គការយូនីសេហ្វ ដែលតែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ការកសាង បណ្ដុះបណ្ដាលធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានកោតសរសើរ នូវលទ្ធផលផ្លែផ្កា នៃការអនុវត្តកម្មវិធីសហប្រតិបត្តិការ របស់អង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា កន្លងមក ដែលនាំយកមក នូវសមិទ្ធផលសំខាន់ៗ ជាច្រើនរួមចំណែកដល់ការរីកចម្រើន របស់ប្រទេសកម្ពុជា ។
ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយូនីសេហ្វផងដែរ ដែលបានសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការអនុវត្តគម្រោងធំៗ ចំនួន២ កន្លងមក គឺគម្រោងលើកកម្ពស់សេវាសង្គម និងគម្រោងកិច្ចការពារកុមារ ដែលជាគម្រោងដ៏មាន សារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងគម្រោងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសជនងាយរងគ្រោះ ដែលមានទាំងស្ត្រីក្រីក្រ កុមារកំព្រា ចាស់ជរា ជនមានពិការភាពជាដើម។

លោកបណ្ឌិត វីល ផាក បានរាយការណ៍អំពីវឌ្ឍនភាព និងផែនការការងារនៃការអនុវត្តឆ្នាំ២០២៤ ព្រមទាំងសកម្មភាពសំខាន់ៗទាំងឡាយរបស់អង្គការ ដូចជាកម្មវិធីគោលនយោបាយសង្គម កម្មវិធីអប់រំ កម្មវិធីសុខភាព និងអាហារូបត្ថម្ភ និងកម្មវិធីកិច្ចការពារកុមារ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា និង លោកបណ្ឌិត វីល ផាក ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ រវាងអង្គការយូនីសេហ្វ និងក្រសួងមហាផ្ទៃ ក្នុងការបន្តពង្រឹង លើកកម្ពស់ និងអភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ៕
