ព័ត៌មានជាតិ

សម្តេចតេជោ ស្នើបង់ក្លាដែសគាំទ្រកម្ពុជា ចំពោះជម្លោះព្រំដែនរវាងកម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យមេដឹកនាំបង់ក្លាដែសគាំទ្រកម្ពុជា ចំពោះជម្លោះព្រំដែនរវាងកម្ពុជានិងថៃកាលពីចុងខែឧសភា ហើយបានបន្តអូសបន្លាយរហូតមកដល់សព្វថ្ងៃ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោនិងលោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នៅព្រឹកថ្ងៃ១៩ មិថុនាថា សម្ដេចតេជោបានស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាវិញទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងថ្មីៗនេះ។

លោកបន្តថា ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើរដ្ឋាភិបាលបង់ក្លាដែសគាំទ្រចំហរកម្ពុជាដែលលើកឡើង និងយន្តការដោះស្រាយបញ្ហាដោយសន្តិវិធី ពិសេសការរុញបញ្ហាព្រំដែនទៅយន្តការច្បាប់អន្តរជាតិ ពោលគឺទៅកាន់តុលាការយុត្តិធម៌អន្តរជាត (ICJ) ។

លោក ជា ធីរិទ្ធគូសបញ្ជាក់ថា “សម្តេចតេជោបានពន្យល់ពីការកើតឡើងជម្លោះព្រំដែនរវាងកម្ពុជានិងថៃដែលបង្កឡើងដោយភាគីថៃ ដោយចាប់ផ្តើមពីការបាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃ២៨ ឧសភា និងសកម្មភាពរបស់ថៃដែលបានធ្វើគឃ្លើនមកលើកម្ពុជាតាមរយៈការបិទច្រកព្រំដែនជាឯកតោភាគី។ សម្តេចស្នើឲ្យរដ្ឋាភិបាលបង់ក្លាដែសគាំទ្រកម្ពុជាចំពោះការដោះស្រាយដោយសន្តិវិធី”។

បើតាមអ្នកនាំពាក្យ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានគាំទ្រគោលជំហរកម្ពុជាបញ្ជូនសំណុំរឿងព្រំដែនទៅតុលាការអន្តរជាតិ។ ជាមួយគ្នានេះទូតបង់ក្លាដែសក៏បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដោយចាត់ទុកសម្ដេចតេជោជាមេដឹកនាំដ៏អស្ចារ្យ ជាមេដឹកនាំដែលគួរឲ្យគោរពក្នុងចំណោមមេដឹកនាំល្បីៗនៅលើពិភពលោក ៕

To Top