ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នាថ្ងៃ១៩ មិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យរដ្ឋមន្រ្តីទេសចរណ៍ម៉ាឡេស៊ី ជួយនាំសាររបស់សម្តេច អំពីពាក់ព័ន្ធបញ្ហាព្រំដែនជាមួយថៃ ។ ជាការឆ្លើយតបរដ្ឋមន្រ្តីរូប បានសន្យាពាំនាំប្រសាសន៍ សម្តេច ជម្រាបទៅនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា សម្ដេចបានស្នើឯកឧត្តម នាំសាររបស់សម្ដេច ទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីប្រាប់ទៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចបានពន្យល់អំពីស្ថានភាព ពិតប្រាកដ នៃការកើតឡើង នៃជម្លោះព្រំដែនកម្ពុជា និងថៃ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់សម្លាប់ទាហានខ្មែរ កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅនេះ ដែលជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។
សម្ដេចក៏បានបញ្ជាក់ពីបញ្ហា នៃការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថ គំរាមដូចជាការគំរាមបិទអគ្គិសនី បិទអ៊ីនធឺណិតជាដើម។ សម្ដេចតេជោក៏បានលើកឡើង ពីយន្តការរបស់កម្ពុជាដែលបានធ្វើ គឺការដោះស្រាយដោយសន្តិវិធី ជាពិសេសការជំរុញបញ្ជូន សំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។

លោកថា ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី បានសន្យាថា នឹងនាំយកនូវសាររបស់សម្ដេចតេជោ ទៅកាន់ឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ ហើយឯកឧត្តមក៏គាំទ្រ ចំពោះយន្តការ នៃការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់កម្ពុជា ជាពិសេសយន្តការដោះស្រាយ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
លោក ជា ធីរិទ្ធបញ្ជាក់ថា “ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ ម៉ាឡេស៊ីសន្យានាំសារទាំងអស់នេះ ទៅកាន់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងនាំថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន មានលទ្ធភាពធ្វើការដោះស្រាយយ៉ាងណា ចំពោះបញ្ហាដែលកើតឡើងរវាងកម្ពុជានិងថៃ”។
សូមរំលឹកថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានឡើងជារលកកម្ដៅខ្លាំង ក្រោយពីកងទ័ពថៃ បានបាញ់មុនចូលលេណដ្ឋានកម្ពុជា បណ្ដាលឲ្យយោធិនកម្ពុជា ១នាក់បាត់បង់ជីវិត ហើយទីបំផុតកម្ពុជា បានយកសំណុំរឿងតំបន់មុំ៣ , ប្រាសាទតាមានតូច , ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការអន្ដរជាតិ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយមួយថ្ងៃបន្ទាប់ក្រឡាបញ្ជី នៃតុលាការអន្តរជាតិ មួយនេះក៏បានទទួលយកលិខិត ផ្លូវអំពីជម្លោះនេះផងដែរ ៕
