បរទេស៖ ឥណ្ឌាបានសម្រេចចិត្តជម្លៀសពលរដ្ឋរបស់ខ្លួនទាំងអស់ “ដែលចង់ចាកចេញពី” អ៊ីស្រាអែល ដោយសារការប្រឈមមុខដាក់គ្នា ផ្នែកយោធារវាងរដ្ឋជ្វីហ្វ និងអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសឥណ្ឌាបានអំពាវនាវឲ្យ ពលរដ្ឋទៅចុះឈ្មោះជាមួយស្ថានទូត របស់ប្រទេសក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
ក្រសួងការបរទេសឥណ្ឌា បាននិយាយនៅក្នុងកំណត់សម្គាល់មួយថា “ដោយមើលឃើញពីការវិវត្តន៍ថ្មីៗរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តជម្លៀស ចេញពីប្រទេសអ៊ីស្រាអែល ដែលជនជាតិឥណ្ឌាទាំងនោះមានបំណងចង់ចាកចេញ” ។ “ការធ្វើដំណើររបស់ពួកគេពីអ៊ីស្រាអែល ទៅកាន់ប្រទេសឥណ្ឌានឹងត្រូវបាន សម្របសម្រួលតាមរយៈព្រំដែនដីគោក ហើយបន្ទាប់មកតាមផ្លូវអាកាស ទៅកាន់ប្រទេសឥណ្ឌា” ។
ស្ថានទូតឥណ្ឌានៅទីក្រុង Tel Aviv បានអំពាវនាវឱ្យប្រជាជនឥណ្ឌា “រក្សាការប្រុងប្រយ័ត្ន និងអនុវត្តយ៉ាងតឹងរ៉ឹងនូវគោលការណ៍ណែនាំ សុវត្ថិភាពដែលចេញដោយអាជ្ញាធរអ៊ីស្រាអែល និងបញ្ជាការផ្នែកខាងមុខ” ៕
ប្រែប្រួលៈ ណៃ តុលា
