ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា ហួសចិត្តអ្នកនាំពាក្យជើងគោកថៃ ចោទថា «កម្ពុជា បង្វែរកាណុងទៅភូមិថៃ»ដើម្បីឈ្លានពាន

ត្បូងឃ្មុំ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះអ្នកនាំពាក្យជើង គោករបស់ថៃ បានចោទកម្ពុជាថា កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ ដើម្បីឈ្លានពាន ។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា នាឱកាសអញ្ជើញអបអរសាទរ ដល់ខួបអនុស្សាវរីយ៍លើកទី៤៨ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៥) នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា «គេចោទថា កម្ពុជា ប្រុងឈ្លានពានប្រទេសថៃហើយ ព្រោះថា កម្ពុជាបានបង្វែរកាណុង ទៅភូមិថៃ។ បើសិនជាសារព័ត៌មានក្រៅផ្លូវការ គឺខ្ញុំ មិនប្រតិកម្មអ្វីទាំងអស់ ប៉ុន្ដេនេះ អ្នកនាំពា្យជើងគោករបស់ថៃ ចេញមកថា កម្ពុជា បង្វែរការណុងទៅភូមិថៃ»។

ជុំវិញបញ្ហានេះ ប្រមុខការពារជាតិកម្ពុជា បានលើកឡើងថា នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលណាបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណា ដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានកើតឡើង នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់៕

To Top