ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបទៅនឹងការ ចោទប្រកាន់របស់រដ្ឋមន្រ្តីក្រសួងឌីជីថលថៃថា កម្ពុជាពុំមែនជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធអនឡាញ ។
ការលើកឡើង របស់អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃនេះ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងឌីជីថលថៃ បានចោទប្រកាន់កម្ពុជាថា ជាកន្លែងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោក តាមអនឡាញ ហើយត្រូវបានសារព័ត៌មានថៃ យកមកផ្សព្វផ្សាយជាបន្តបន្ទាប់ ។

លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍នាថ្ងៃ២០ មិថុនា សម្តីរបស់រដ្ឋមន្រ្តីក្រសួងឌីជីថលថៃ ប្រៀបបីដូចជាសម្តីកូនក្មេងបៀមដៃ និយាយមិនដឹងទិសតំបន់ ដែលមិនសាកសមជាថ្នាក់ដឹកនាំ របស់ក្រសួងឌីជីថលថៃ ទាល់តែសោះ ។
លោកក៏ផ្តាំទៅរដ្ឋមន្រ្តីថៃរូបនេះថា មុននិយាយអ្វីមួយចេញមក គួរគិតពិចារណាឲ្យបានម៉ត់ចត់បន្តិចដោយផ្អែកលើភស្តុតាងឲ្យបានស៊ីជម្រៅ និងផ្អែកតាមបែបការទូតផងដែរ ។ លោកថា កន្លងមកក៏មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយជាច្រើនករណីដែរ អំពីប្រទេសថៃ មានករណីឆបោកតាមអនឡាញ ។
លោកបណ្ឌិតទូច សុឃៈបញ្ជាក់ថា “កម្ពុជាគឺមិនមែនជាការិយាល័យរបស់ឧក្រិដ្ឋជនឆបោក តាមអនឡាញ ដូចការលើកឡើងរបស់ក្រុមនេះក្រុមនោះ ឬក៏ប្រទេសនេះប្រទេសនោះ ។ កម្ពុជាគឺរួមដៃជាមួយពិភពលោក ដើម្បីទប់ស្កាត់បង្ការ បង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ។ ក្នុងនោះមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ និងបទល្មើសអន្តរជាតិជាច្រើនផ្សេងទៀត” ។
ជាមួយគ្នានេះដែរ លោក ទូច សុឃៈ ក៏មិនបានចាត់ទុកប្រទេសណាមួយ ក្នុងពិភពលោកថា ជាឃ្លាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដូចរដ្ឋមន្រ្តីក្រសួងឌីជីថលថៃនោះដែរ ៕
