ព័ត៌មានជាតិ

រកឃើញក្រុមហ៊ុនកែឆ្នៃស្បែកគោ ក្នុងខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវ ប៉ះពាល់ដល់បរិស្ថាន

កំពង់ស្ពឺ ៖ ក្រុមហ៊ុន Musk (Cambodia) Import Export Co., Ltd ប្រភេទកែឆ្នៃស្បែកគោ ស្ថិតនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញ បានបំពុលបរិស្ថាន បង្កឡើងដោយការបញ្ចេញ សំណល់រាវ និងការគ្រប់គ្រងបរិស្ថាន មិនបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសនិង ច្បាប់របស់កម្ពុជា។

យោងតាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពជុំវិញក្រុមហ៊ុន ក្រុមការងារបានរកឃើញមានស្លាកស្នាមទឹកហូរ ចេញពីទីតាំងក្រុមហ៊ុន ដែលក្រុមហ៊ុនបានបូមសំណល់រាវ ស្រោចលើដីវាលទំនាបពាសវាល ពាសកាល ។

លើសពីនេះ ក្រុមការងារ បានពិនិត្យឃើញមានសំណល់រាវ (សំណល់រាវចាស់) ដក់នៅខាងក្រោយស្រះស្ដុក សំណល់រាវរបស់ក្រុមហ៊ុន មានក្លិនស្អុយ និងមានជាតិប្រេងខ្លាញ់អណ្ដែតជាច្រើននិងធ្វើឱ្យដើមឈើមួយចំនួនងាប់។ ក្រុមការងារបានយកសំណាកសំណល់រាវ ចេញពីទីតាំងនោះបានធ្វើតេស្ត COD=137.4mg/L (ស្តង់ដារ 60mg/L) ក្រុមការងារ បានបន្ដពិនិត្យឃើញមានបំពង់ទុយោចំនួនពីរ ដែលក្រុមហ៊ុនប្រើប្រាស់ សម្រាប់បង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្ហូរចូលដីស្រែជាប់នឹងក្រុមហ៊ុន និងឃើញមានទឹកដក់ពណ៌ខ្មៅ និងមានក្លិនស្អុយ ដោយបានយកសំណាកទឹកចំនួន ១សំណាកធ្វើតេស្ដ និងរកឃើញCOD លើសកម្រិតម៉ាស៊ីនតេស្ដបឋម >10000mg/L។ ក្នុងពេលជាមួយគ្នា ក្រុមការងារបានចុះពិនិត្យស្ថានភាព ទឹកស្ទឹងព្រៃរមៀត ដែលស្ថិតនៅខាងខ្សែទឹកខាងលើទីតាំងក្រុមហ៊ុន ចម្ងាយប្រមាណ ២០០ម៉ែត្រពីទីតាំងក្រុមហ៊ុន ឃើញថាទឹកមានសភាពធម្មតា ពុំមានក្លិនស្អុយនោះទេ។

ក្រុមការងារបានធ្វើតេស្ដគុណភាពទឹកស្ទឹងព្រៃរមៀតបឋម បានរកឃើញកំហាប់សារធាតុ COD=52.52mg/L (អនុឡោមតាមស្តង់ដារ)។ ដោយឡែកនៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនពុំមានអាងប្រព្រឹត្តិកម្ម សម្រាប់សម្អាតសំណល់រាវនោះទេ ដោយក្រុមហ៊ុនបានបង្ហូរ សំណល់រាវចូលស្រះស្ដុកចំនួន៣ ដែលជាប្រភេទស្រះដីធម្មតា រួចបូមបង្ហូរបង្ហៀរដីទំនាបពាសវាលពាសកាល (មានស្លាកស្នាមទឹកហូរ)។

ជាមួយគ្នានេះ ក្រុមហ៊ុនធ្លាប់មានកិច្ចសន្យាពីមន្ទីរបរិស្ថាន (ឆ្នាំ២០២២) ប៉ុន្ដែពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។ សំរាមនិងសំណល់របស់ក្រុមហ៊ុន ត្រូវបានចាក់ចោលពាលវាលពាសកាលពុំមានរោងទុកដាក់ត្រឹមត្រូវនោះទេ និងមានការដុតនៅទីចំហរទៀតផង។

សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន បានដាក់ចេញវិធានការចំពោះ ក្រុមហ៊ុនឱ្យអនុវត្តវិធានការច្បាប់ ដូចជា ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវ ដោយផ្ទាល់ចូលទៅដីវាល និងប្រភពទឹកសាធារណៈជាបន្ទាន់, ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ និងអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក៕

To Top