ភ្នំពេញ៖លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ នៅបរិវេណវត្តកំពែង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលមានប្រជាពលរដ្ឋ ប្រមាណជិត៦០០នាក់ចូលរួម ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាសង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ខណ្ឌ ក្នុងការឆ្លើយតបទៅនឹង សំណើនានារបស់ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ ដើម្បីប្រមូលនិងពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ។ បន្ថែមពីនេះ វេទិកាក៏បានផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដើម្បីលើកជាសំណើ សំណូមពរ អនុសាសន៍ និងបញ្ហាដែលបានជួបប្រទះនៅក្នុងមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក៏បានផ្តល់ឱកាស ជូនប្រជាពលរដ្ឋបានប្រាស្រ័យ ទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខណ្ឌជាមួយរដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាព នៃការអភិវឌ្ឍខណ្ឌប្រកបដោយចីរភាព និងប្រសិទ្ធភាព។

ទន្ទឹមគ្នានោះ លោក ហួត ស៊ីនាដ ក៏បានធ្វើការផ្សព្វផ្សាយពន្យល់ ឱ្យបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកានោះ បានទទួលព័ត៌មានស្ដីអំពី ឱកាសការងារ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស.ផងដែរ។

គិតមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាមានឱកាសការងារជាង ២៥ម៉ឺនកន្លែង ពីក្រុមហ៊ុន សហគ្រាស និងរោងចក្រទូទាំងប្រទេស ហើយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងតែបន្តប្រមូលនូវឱកាសការងារពីបណ្តាក្រុមហ៊ុនតូច-ធំ សហគ្រាស និងរោចក្រ ចាស់ ថ្មី បន្ថែមទៀតសម្រាប់ត្រៀមជូនបងប្អូនប្រជាពលរដ្ឋជាពិសេស ពលករខ្មែរ៕






