ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៩០ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤.២ពាន់លានដុល្លារអាមេរិក។
ក្នុងឱកាសអញ្ជើញជាធិបតីក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គី នាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ ខែ នៃឆ្នាំ ២០២៥នេះ គម្រោងវិនិយោគចំនួន ២៩០ គម្រោង ត្រូវបានអនុម័ត ក្នុងទុនវិនិយោគប្រមាណ ៤,២ពាន់លានដុល្លារអាមេរិក ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤, ចំនួនគម្រោងបានកើនឡើងចំនួន ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ១,៤ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥២%»។

សម្តេចបវរធិបតី បន្ដថា ដោយឡែក, សម្រាប់វិស័យ ទេសចរណ៍ ក្នុងរយៈពេល ៥ ខែ នៃឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៩៥លាននាក់ កើនឡើង ១១,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្តេចបវរធិបតី បន្ថែមថា កំណើននៃគម្រោងវិនិយោគ និងភ្ញៀវទេសចរនេះ បង្ហាញឱ្យឃើញពីការទុកចិត្តលើស្ថិរភាព និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា សន្តិសុខសង្គមដែលធានាបាននូវសុខសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ ហើយរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថែទាំសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តថែរក្សា, ការពារសន្តិភាព និង ស្ថិរភាពពេញលេញទោះក្នុងតម្លៃណាក៏ដោយ។ ទន្ទឹមនឹងការរក្សាបាននូវសន្តិភាព និង ស្ថិរភាព,រាជរដ្ឋាភិបាលបន្តគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានាបានយ៉ាងសកម្ម និង មានប្រសិទ្ធភាព៕
