បរទេស៖ ការបំផ្ទុះគ្រាប់បែកចំនួនបី នៅពិព័រណ៍កាកបាទក្រហម ខេត្តប៉ាតានី ប្រទេសថៃ បណ្តាលឲ្យមនុស្ស ៧នាក់រងរបួស។ អាជ្ញាធរជឿថា ការវាយប្រហារនេះ មានគោលបំណងបង្កើតភាព ចលាចលនៅក្នុងតំបន់។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅវេលាម៉ោង 05 និង 20 នាទីព្រឹក ថ្ងៃទី 20 ខែមិថុនា ប៉ុស្តិ៍ប៉ូលីសប៉ាតានី បានទទួលសេចក្តីរាយការណ៍ អំពីការផ្ទុះនៅពិព័រណ៌ កាកបាទក្រហមក្នុងស្រុក Muang ខេត្ត ប៉ាតានី ដែលស្ថិតនៅចំងាយប្រហែល ១០០ ម៉ែត្រពីខ្លោងទ្វារចូល D1 ។
របាយការណ៍បឋមបានបង្ហាញថា មនុស្ស៣នាក់បានរងរបួស នៅក្នុងការផ្ទុះនេះ រួមទាំងអ្នកលក់ម្នាក់នៅក្នុងព្រឹត្តិការណ៍នេះ និងមន្ត្រីប៉ូលិសពីរនាក់មកពីផ្នែកសេវាកម្មពិសេស (SSD) ដែលឈរជើងនៅច្រកទ្វារ ។ ចំណែកអ្នករងរបួសត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យប៉ាតានីភ្លាមៗ ។
មន្ត្រីសន្តិសុខក្នុងតំបន់បានបង្ហើបថា តាមការស៊ើបអង្កេតលើ ការផ្ទុះលើកទីមួយ បានកើតឡើងនៅម៉ោងប្រហែល 04 និង 44 នាទីព្រឹក បន្ទាប់មក ដោយការផ្ទុះលើកទីពីរប្រហែល 30 នាទីក្រោយមក។ ការផ្ទុះលើកដំបូងត្រូវបានគេជឿថាបានកើតឡើងនៅខាងក្រៅកន្លែង តាំងពិព័រណ៍ក្បែរសួនសោមដេត ។ ការបំផ្ទុះលើកទី២ បានកើតឡើងនៅវេលាម៉ោង០៥ និង២០នាទីព្រឹក នៅជិតបង្គោលភ្លើងផ្លូវចំនួន២ ប្រហែល១០០ម៉ែត្រ ពីផ្លូវចូល D1៕
ប្រែសម្រួលៈ ណៃ តុលា
