កំពង់ធំ: មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយ នាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត អជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគំាទ្រពីអង្គការមូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំ ផ្សព្វផ្សាយស្តីពី យេនឌ័រនិង សុខភាពភ្នែក ការពិនិត្យនិងព្យាបាល ភ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក្នុងសហគមន៍ នៅវត្តសិរីមង្គល (ហៅវត្តកំពង់ជ្វា) ភូមិកំពង់ជ្វាឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

កម្មធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឃឹង នុភាព តំណាងរាស្រ្តកំពង់ធំ លោកស្រី ឡេង មោនីផា អនុប្រធាននាយកដ្ឋានស្រី្ត និងសុខភាព នៃក្រសួងកិច្ចការនារី លោក ម៉ាន់ សារ៉ាត់អភិបាលរងស្រុកប្រាសាទសំបូរ
លោកស្រី ស៊ូ ផារិន អនុប្រធានមន្ឋីរកិច្ចការ នារីខេត្តកំពង់ធំ លោកស្រី ហួត ប៉ិចមកពីអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែក ខត្តកំពង់ធំ លោកស្រី គង់ សុភី មកពីការិយាល័យសង្គមកិច្ចសុខមាលភាពសង្គម ស្រុកប្រាសាទសំបូរ លោក ជា ថា មេឃុំគោល ក្នុងគោលបំណង ផ្តល់ចំណេះដឹង ស្តីពីយេនឌ័រនិងសុខភាពភ្នែក ដល់ប្រជាពលរដ្ឋនៅសហគមន៍ សរុបប្រជាពលរដ្ឋចូលរួម ២០៧នាក់ ស្រី១៥២នាក់ ។
ក្នុងឱកាសនេះដែរឯកឧត្តម ឃឹង នុភាព បានមានប្រសាសន៍ជូន ដល់ប្រជាពលរដ្ឋ សូមឱ្យបងប្អូនយកចិត្តទុកដាក់ ថែទំាសុខភាពភ្នែក បើមានបញ្ហាត្រូវទៅជួបគ្រូពេទ្យដែលមានជំនាញថែទំាភ្នែក ដើម្បីព្យាបាលឱ្យទាន់ពេលវេលា ព្រោះសុខភាពភ្នែកនេះ ជារឿងចាំបាច់ របស់មនុស្សដែលត្រូវ ការមើលជិតនិងឆ្ងាយ។

ឯកឧត្តមបានបន្តដែរថា សកម្មភាពវេទិកា ថ្ងៃនេះល្អណាស់ ដែលមានសកម្មភាពពិនិត្យ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅសហគមន៍ រាជរដ្ឋាភិបាល ខិតខំយកចិត្តទុកដាក់គិតគូរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាការ លំបាកផ្សេងៗ។ សូមបងប្អូន ដែលបានព្យាបាល ភ្នែករួចហើយ ត្រូវទុកចិត្តទុកដាក់ថែរក្សា និងគោរពទៅ តាមគោលការណ៍របស់ពេទ្យ ដើម្បីកុំឱ្យភ្នែកមានបញ្ហា តទៅមុខទៀត ៕ ដោយសំនៀង
