ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ ច្រានចោលការផ្សាយព័ត៌មានមិនពិត ថា «ស្ងាត់ៗ វៀតណាមបាន កាន់កាប់កោះឬស្សីហើយ»

ភ្នំពេញ ៖ រដ្ឋបាល ខេត្តព្រះសីហនុ បានប្រកាសច្រានចោល ចំពោះការផ្សាយព័ត៌មានមិនពិត និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំចែកចាយបន្ត នូវព័ត៌មានមិនពិត ថា «ស្ងាត់ៗ វៀតណាម បានកាន់កាប់កោះឬស្សីហើយ»។

ការប្រកាសច្រានចោលរបស់ រដ្ឋបាលខេត្តព្រះសីហនុ បន្ទាប់ពីមានការផ្សាយព័ត៌មាន លើបណ្តាញសង្គម (Account Tik Tok) ឈ្មោះ skipro10outlook.com, skipro8, saopol3, skipro0011 ដោយបានផ្សាយព័ត៌មាន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ថា «ស្ងាត់ៗវៀតណាម បានកាន់កាប់កោះឬស្សីហើយ» ព័ត៌មាននេះ គឺជាព័ត៌មានមិនពិត ។

យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ មិថុនា បាន បញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា ព័ត៌មានដែលបង្ហោះផ្សាយខាងលើនេះ គឺជាព័ត៌មានមិនពិត និងបានបង្កប់នូវចេតនាទុច្ចរិត បំភាន់ ញុះញង់ សាធារណមតិឱ្យមានការយល់ច្រឡំ។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា កោះឬស្សី គឺស្ថិតក្នុងដែន អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កោះឬស្សី ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា បានចុះកិច្ចសន្យាជួលជូនក្រុមហ៊ុនវិនិយោគចំនួន ០២រួមមាន៖ ១. ក្រុមហ៊ុន KOH RUSSEY RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៧៨ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។ ២. ក្រុមហ៊ុន EVERSPRING RESORT CO.,LTD វិនិយោគលើទំហំផ្ទៃដី ៥២ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១។

បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងដំណើរការអាជីវកម្ម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក លំហែកាយ នៅលើកោះឬស្សី។

រដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា «សូមប្រកាសច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតនេះ និងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ កុំចែកចាយបន្តព័ត៌មាន មិនពិតនេះ ជៀសវាងសាធារណមតិ មានការភាន់ច្រឡំ និង ស្នើសុំដល់អាជ្ញាធរមាន សមត្ថកិច្ចជួយស្វែងរកម្ចាស់គណនីខាងលើ មកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន» ៕

To Top