ព័ត៌មានជាតិ

លោក នេត សាវឿន ៖ ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើវិធានការ យកចកចេញពីបឹង

ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ«រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» លោកបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើប្រាស់វិធានការ យកចកចេញពីបឹងឱ្យអស់ ។

កម្មវិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់ នៃបញ្ហាគ្រឿងញៀន នៅកម្ពុជា» ត្រូវបានធ្វេីឡេីងនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនេះលោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា ការបង្កើតឱ្យមានកម្មវិធីនេះឡើង គឺដើម្បីពញ្ញាក់ស្មារតីគ្រប់គ្នា រួមគ្នាទប់ស្កាត់ ការប្រើប្រាស់និងជួញដូគ្រឿងញៀន។ ដើម្បីលុបបំបាត់គ្រឿងញៀនពីកម្ពុជា សំរាប់ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជ្រើសរើសយកប្រធានបទ«រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ ការបង្ការ ប្រសើរជាងបង្ក្រាបនិងការព្យាបាល។ ដើម្បីឱ្យសង្គមមួយគ្មានគ្រឿងញៀន ត្រូវរួមគ្នាប្រឆាំងដាច់ខាត ចំពោះគ្រឿងញៀន។

លោកសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើប្រាស់វិធានការ យកចកចេញពីបឹងឱ្យអស់។ នៅលើពិភពលោក បញ្ហាគ្រឿងញៀន នៅតែជាបញ្ហាស្មុកស្មាញ ដោះស្រាយមិនទាន់ចេញនៅឡើយទេ ។ ក្នុងនោះសំរាប់កម្ពុជា ក៏មិនទាន់លុបបំបាត់គ្រឿងញៀន បាននូវឡើយដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅកម្ពុជា ក្នុង១ឆ្នាំចុងក្រោយនេះឃើញថា បញ្ហាគ្រឿងញៀននេះ ហាក់មានការថមថយគួរឱ្យកត់សំគាល់។ ជាក់ស្តែង ការប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន មានការថយចុះ។ ការកែច្នៃគ្រឿងញៀន ក៏ត្រូវបានលុបបំបាត់ស្ទើទាំងស្រុង។នេះជាការបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ បាន លើកឡើងដែរថា ក្នុងរយៈពេល៥ខែឆ្នាំ២០២៥នេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ បានចុះពិនិត្យនៅតំបន់ស្មុកស្មាញ សង្ស័យពាក់ព័ន្ធគ្រឿងជិត៤០០កន្លែង ពិសេសនៅផ្ទះជួល និងខុនដូ ដោយបានអនុវត្តច្បាប់ជាង៣០០ករណី ឃាត់ខ្លួនជនសង្ស័យ បានជាង១៥០០នាក់ ពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាដើម ។ បន្ថែមពីនេះគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានជួយសង្គ្រោះជនរងគ្រោះ ដោយគ្រឿងញៀនចំនួនជិត១០០០នាក់ ស្រី៨៦នាក់៕

To Top