ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសអាមេរិក ចំពោះការលូកដៃ ចូលទៅក្នុងសង្គ្រាម រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់

Xinhua

ប៉េកាំង៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោស សហរដ្ឋអាមេរិក ចំពោះការវាយប្រហារ របស់ខ្លួនលើទីតាំង នុយក្លេអ៊ែរអ៊ីរ៉ង់ នៅឯកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខ ។ លោក Fu Cong បានឲ្យដឹងថា “កាលពីម្សិលមិញ (ថ្ងៃសៅរ៍) សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើទីតាំង នុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីនៅ Fordow, Natanz និង Isfahan របស់ប្រទេសអ៊ីរ៉ង់ ។

ទង្វើរបស់សហរដ្ឋអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរទៅលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសអ៊ីរ៉ង់ ។ លោកបានឲ្យដឹងថា វាបានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា និងបានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់របបមិនរីកសាយភាយ នុយក្លេអ៊ែរអន្តរជាតិ ។

លោកបានបន្តថា សហគមន៍អន្តរជាតិ ត្រូវតែលើកកម្ពស់យុត្តិធម៌ និងធ្វើការប្រឹងប្រែងជាក់ស្តែង ដើម្បីធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់ និងស្ដារសន្តិភាព និងស្ថិរភាពឡើងវិញ។ នៅក្នុងនោះដែរ លោក បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងបញ្ចប់អរិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកបានបន្ថែមថា “នៅក្នុងបរិបទ នៃភាពតានតឹងកើនឡើងភ្លាមៗនៅមជ្ឈិមបូព៌ា ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីហានិភ័យនៃស្ថានការណ៍ ដែលចេញពីការគ្រប់គ្រង។ ភាគីជម្លោះ ជាពិសេសអ៊ីស្រាអែល គួរតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ដើម្បីការពារកុំឱ្យមានការរីករាលដាល កាន់តែខ្លាំងឡើង និងដើម្បីជៀសវាងការរីករាលដាលនៃសង្រ្គាម”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top