ព័ត៌មានជាតិ

ទ័ពជើងគោកជប៉ុន ប្តេជ្ញាជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការបណ្ដុះបណ្ដាល ធនធានមនុស្ស ដល់កងទ័ពជើងគោកកម្ពុជា

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន បា​នបង្ហាញនូវការប្តេជ្ញា នូវការជំរុញ លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដល់កងទ័ពជើងគោកកម្ពុជា ។

ការប្តេជ្ញារបស់ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ខាងលើនេះ ធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។

ក្នុងជំនួបខាងលើនេះ លោកនាយឧត្តមសេនីយ៍ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោក នៃប្រទេសទាំងពីរ ថែមទាំងបានគោរពជម្រាបជូន សម្ដេចធិបតីផងដែរថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូមកកាន់កម្ពុជា នាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដល់កងទ័ពជើងគោកកម្ពុជា។

ជាការឆ្លើតយប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសមកកាន់ទឹកដីអង្គរ ដែលជាដែនដី អាណាចក្រដ៏រុងរឿងមួយរបស់កម្ពុជា។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែក ដល់ដំណើរការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះ រួមទាំងការថែរក្សាបេតិកភណ្ឌ និងប្រាង្គប្រាសាទនៅកម្ពុជា ហើយជប៉ុន ក៏ជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានអង្គរ (ICC-Angkor) ផងដែរ។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា និង ជប៉ុន ព្រមទាំងសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។

សម្ដេចរធិបតី បានថ្លែងអំណរគុណ ដល់កងទ័ពស័្វយការពារជើងគោកជប៉ុន ដែលបានផ្ដល់នូវការបណ្ដុះបណ្ដាល ធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា ជប៉ុន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។ ការចែករំលែកបទពិសោធន៍, ជំនាញ និងការបណ្ដុះបណ្ដាល ធនធានមនុស្សដល់កម្ពុជា គឺជាកិច្ចការសំខាន់ ជាពិសេស ក្នុងការអភិវឌ្ឍសមត្ថភាព កងទ័ពជើងគោកកម្ពុជា ដោយហេតុថា ជប៉ុនជាប្រទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់។​ តាមរយៈកិច្ចសហប្រតិបត្តិការនេះ កងទ័ពជើងគោក នៃប្រទេសទាំងពីរ នឹងអាចបន្តផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងអាចរួមសហការគ្នា នៅក្នុងកិច្ចការមនុស្សធម៌ជាដើម។

សម្ដេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត ឱ្យកងទ័ពជើងគោក នៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួម សម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ និងការបោសសម្អាតមីន ជាដើម៕

To Top