ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្ករការលំបាក ដល់ពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុង តំបន់ប្រយុទ្ធគ្នាតែម្តង ។

ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាព រស់នៅបណ្តោះអាសន្ន របស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្ត មកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្កនូវការលំបាកដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុងតំបន់ប្រយុទ្ធគ្នា ។ កម្ពុជា មិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងក៏មិនអាចឈរអោបដៃ ឲ្យគេបំពានបានដែរ៕



