ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពការងារ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ដោយបានបង្ហាញពីលទ្ធផលដែលសម្រេចបានតាមរយៈការអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរួមមាន
ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់
កម្មវិធីទី២. លើកកម្ពស់ការ ទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ
កម្មវិធីទី៣. ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ
កម្មវិធីទី៤. លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងកម្មវិធីទី៥ . ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

តាមរយៈរបាយការណ៍ បានបញ្ជាក់ថា៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកម្មវិធីអាទិភាពទាំង៥ ខាងលើ សម្រេចបានជារួម ៥២,២៥% ។

បន្ទាប់មក លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញស្ដីពី ការវាយតម្លៃសូចនាករសមិទ្ធកម្មប្រចាំ ឆមាសទី១ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្ដោតទៅលើមាតិកា ៤ សំខាន់ៗគឺ
១-ទិដ្ឋភាពទូទៅនៃការ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ
២-កិច្ចព្រមព្រៀងសមិទ្ធកម្ម ឆ្នាំ២០២៥
៣-លទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម
ទី៤-សេចក្ដីសន្និដ្ឋាន ដោយបានធ្វើការព្រៀបធៀបគោលដៅសម្រេចបាននៅឆ្នាំឆ្នាំ២០២៥ ខ្ពស់ជាងគោលដៅសម្រេចបានៅក្នុងឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានធ្វេីការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តការងារយ៉ាងសកម្ម ធ្វេីឱ្យក្រសួងសម្រេចបាន សមិទ្ធផលជាច្រេីនស្របតាមផែនការ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥ ដែលជាការបង្ហាញអំពីការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្ត យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្រ្ដី បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលជាមគ្គទេសក៍ពោរពេញដោយសមត្ថភាព និងឆន្ទៈយ៉ាងមុតមាំ ដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារទាំងផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលលើវិស័យ អភិវឌ្ឍន៍ជនបទប្រកបដោយនិរន្ដរភាព ៕
