ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់តំណាង កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ(UNDP) ថា ដោយសារការប្រែប្រួល និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រ នយោបាយសាកល និងពាណិជ្ជកម្មអន្តរជាតិ កម្ពុជាចាំបាច់ត្រូវកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស។

នាឱកាសអនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាង UNDP ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសរំលេចពីកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលការងារ ដែលរាជរដ្ឋាភិបាលកម្ពុជា និង UNDP សម្រេចបានរួមគ្នាកន្លងមក ពិសេសលើគម្រោងគាំពារ សង្គមដើម្បីបញ្ចប់ភាពក្រីក្រ, កិច្ចការពារបរិស្ថាន, និងគម្រោងផ្សេងៗជាច្រើនទៀត។

លោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា «ដោយសារការប្រែប្រួល និងភាពមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ សាកល និងពាណិជ្ជកម្មអន្តរជាតិ កម្ពុជាចាំបាច់ត្រូវ កសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងចាប់យកបច្ចេក វិទ្យាដែលជាចលករនៃកំណើន ក៏ដូចជាបង្កើនផលិតភាព និងភាពធនរបស់ខ្លួន ដែលទាំងអស់នេះត្រូវបានគូស រំលេចជាគោលដៅយុទ្ធសាស្ត្រនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី»។
លោកស្រី Alissar Chaker បានលើកឡើងថា ការងារដែល UNDP បាននិងកំពុងបំពេញជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើមូលហេតុឬសគល់ នៃបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមគ្នា។ លោកស្រីក៏វាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលលោកស្រីយល់ថា បានបង្ហាញពីមហិច្ឆតា ខ្ពស់របស់រាជរដ្ឋាភិបាល ហើយផ្អែកលើបទពិសោធ របស់លោកស្រីជាមួយរាជរដ្ឋាភិបាលកម្ពុជា លោកស្រីក៏បានបង្ហាញនូវ ជំនឿទុកចិត្តថាកម្ពុជាអាចធ្វើបាន និងអាចសម្រេច ចក្ខុវិស័យដ៏ឧត្តុង្គឧត្តមនេះ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកស្រី Alissar Chaker បានពិភាក្សាអំពីភាពចាំបាច់ នៃការផ្សារភ្ជាប់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការ សហប្រជាជាតិ ទៅនឹងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) របស់កម្ពុជា ដើម្បីឱ្យត្រូវទៅនឹងបរិបទ របស់ប្រទេសកម្ពុជា ក៏ដូចជាស្របទៅនឹងបរិការណ៍សាកល ដែលមានការវិវត្តឥតឈប់ឈរ៕
