ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បិទផ្នែកផលិតកម្មរោងចក្រ ចំនួន២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីបន្ដបញ្ចេញសំណល់រាវ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់ និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិខិតស្តីពីការផ្អាកដំណើរ ការផលិតកម្មរបស់ក្រុមហ៊ុន ទាំង២ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុមហ៊ុន ដោយមានការចូលរួមពីអភិបាលរង ស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ត្រូវផ្អាកដំណើការផលិតកម្មទាំងស្រុង ជាបណ្តោះអាសន្ន រហូតដល់ទទួលបានការ អនុញ្ញាតពីក្រសួងបរិស្ថាន ដោយមូលហេតុក្រុមហ៊ុនមិន បានអនុវត្តតាមច្បាប់ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ ត្រូវផ្តល់សំណងផលប៉ះពាល់ ត្រូវស្តារការខូចខាតបរិស្ថានឡើងវិញ និងអនុវត្តតាមវិធានការបច្ចេកទេស ដែលបានលកំណត់ តាមច្បាប់និងបទដ្ឋាន គតិយុត្តជាធរមាន។

ក្នុងករណីក្រុមហ៊ុន មិនបានអនុវត្ត តាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងមានចំណាត់ ការបិទក្រុមហ៊ុនតាមច្បាប់ និងគោលការណ៍ជាធរមាន៕

To Top