ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះអស់ ពីបេះដូងជូនចំពោះ កាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងប្រតិបត្តិករមេត្រី ភាពបរិស្ថានទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ធ្វើឱ្យកម្ពុជាមានភាពស្អាតគួរជាទីមោទនៈ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងពិធី «លើកទឹកចិត្តប្រតិបត្តិករ មេត្រីបរិស្ថាន ឆ្នាំ២០២៥» ដែលប្រព្រឹត្តទៅនៅទីស្តីការ ក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពជោគជ័យក្នុងការធ្វើឱ្យកម្ពុជា មានភាពស្អាតស្អំនេះ គឺដោយសារតែកម្លាំង សាមគ្គី ដ៏រឹងមាំពីគ្រប់មជ្ឈដ្ឋាន ដែលមានប្រមាណជា ២ម៉ឺននាក់ក្នុង១ថ្ងៃៗ ចេញមកធ្វើសកម្មភាពសម្អាតកម្ពុជា ឱ្យស្អាតជាមួយគ្នា នៅទូទាំងប្រទេស ។ លោក បានកោតសរសើរជាពិសេសចំពោះ ប្រជាពលរដ្ឋទូទៅ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី ដែលបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់ជាមួយអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា និងអង្គការសង្គមស៊ីវិល ក្នុងការប្រែក្លាយបរិស្ថានរបស់កម្ពុជាយើង ឱ្យមានភាពស្អាត មានសោភ័ណភាពស្រស់បំព្រង គួរជាទីទាក់ទាញ និងជាទីទស្សនាពីទេសចរជាតិ អន្តរជាតិ។

លទ្ធផលជាក់ស្តែង ដែលគួរឱ្យកត់សម្គាល់ គឺ កម្ពុជា សម្រេចបាននូវភាពស្អាតជាង ៨០% ដែលជាមោទកភាព របស់ប្រជាជាតិខ្មែរទាំងមូល ។ ជាពិសេសនៅតាមដងវិថីសំខាន់ៗ លែងមានសំរាមប្លាស្ទិកហើររាយប៉ាយទៀតហើយ។ នេះជាសញ្ញាណវិជ្ជមានមួយ ដែលបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋឆ្ពោះទៅរកសង្គមស្អាត បរិស្ថានបៃតង និងចីរភាព សម្រាប់ប្រជាជនគ្រប់ជំនាន់ និងលើឆាកអន្តរជាតិ ។ ការសម្រេចបាននូវសមិទ្ធផលនេះ មិនមែនជាការងាររបស់ស្ថាប័ន ណាមួយនោះទេ តែកើតចេញពីកិច្ចសហការ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏មិនភ្លេចការដឹងគុណចំពោះអតីតថ្នាក់ដឹកនាំ និងរដ្ឋមន្ត្រីក្រសួងបរិស្ថានមុន ជាពិសេស លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែល លោក ក៏ជាស្ថាបនិក មេត្រីភាពបរិស្ថានផងដែរ ។ ការងារដែលឯកឧត្តម សាយ សំអាល់ បានបន្សល់ទុក បានក្លាយជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ក្រសួងបន្តធ្វើសុក្រឹតកម្មកិច្ចការបរិស្ថាន ដើម្បីឈានឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
