ឧត្តរមានជ័យ៖ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើ របស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភស្ដុភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។

សម្ដេចអគ្គមហាសេនាបតីតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភុស្ដភាជាន់ខ្ពស់ សម្រាប់កងកម្លាំង ប្រដាប់អាវុធរបស់យើង ដែលជាការបញ្ជាក់យ៉ាងច្បាស់ ពីសម្ដេចនៅក្នុងការជួយដល់កងទ័ពរបស់យើង ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ ដល់កងកម្លាំងរបស់យើង ដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ ។
នៅក្នុងឱកាសនេះ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង ។

សូមជម្រាបថា សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដល់ក្រុមសំរោង ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុត ការពារទឹកដីជាប់ព្រំដែនថៃ ។
សម្តេចតេជោ ហ៊ុន សែន ជាអគ្គមេបញ្ជាការកំពូល ដែលបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញ ដោយយុទ្ធសាស្ត្រសង្គ្រាម វាយយកឈ្នះលើសមរភូមិសង្គ្រាម ។

គួរបញ្ជាក់ថា កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃ លបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ ៕
